តារាល្បីកូរ៉េ ស្លាប់នៅក្នុងសណ្ឋាគារយ៉ាងទាន់ហន់

ប្រិយមិត្តដែលនិយមរឿងភាគកូរ៉េខាងត្បូង ពិសេសមិត្តនារីៗ ច្បាស់ជាធ្លាប់ស្គាល់តារាមួយដួងនេះនៅក្នុងខ្សែភាពយន្តកូរ៉េខាងត្បូងហើយ ទាំងរឿងបុរាណ និងសម័យ ឥឡូវនាងបានចែកឋានទៅហើយ ។

វេបសាយ Soompi ផ្សាយថា ចន មី ស៊ុន (Jeon Mi Sun) តារាសម្តែងដ៏ល្បីរបស់កូរ៉េខាងត្បូង អាយុ ៤៨ ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងបន្ទប់សណ្ឋាគារមួយ ក្នុងស្រុកសនជូ ខេត្តសលឡាណឿ ។

ចន មី ស៊ុន បានធ្វើដំណើរទៅកាន់ខេត្តភាគខាងត្បូង ដើម្បីរួមសម្តែងល្ខោនរឿង «3 Days and 2 Nights with My Mother» និងបានស្នាក់នៅក្នុងសណ្ឋាគារមួយ មុនអ្នកចាត់ការចូលមកជួប បានបាត់បង់ស្មារតីនៅមិនដកដង្ហើម និងជីពចរលែងលោត នៅក្នុងបន្ទប់ទឹក ។ តាមការពិនិត្យឧបករណ៍វាស់បេះដូង ចន មី ស៊ុន មានអាការៈបេះដូងឈប់លោត (Asystole) ទើបមិនបានបញ្ជូនទៅមន្ទីរពេទ្យ ទុកឲ្យប៉ូលិសធ្វើកោសលវិច័យ ។

ចន មី ស៊ុន ជាតារាសម្តែងជើងចាស់ដ៏ល្បីរបស់កូរ៉េខាងត្បូង បានចូលសិល្បៈភាពយន្តតាំងពីឆ្នាំ ១៩៩០ ស្នាដៃសម្តែងមានដូចជារឿង East of Eden (2008), King of Baking, Kim Takgu (2010), Moon Embracing the Sun (2012), Reply 1988 (2015) ៕

ដោយ ព្រានញូវ