កាន់តែឡើងកម្តៅ អាមេរិកបញ្ជូន F-22 ទៅកាតារ ដើម្បីត្រៀមជាមួយអ៊ីរ៉ង់ (ទស្សនាវីដេអ)

អាមេរិកបញ្ជូនយន្តហោះបំបាំងកាយ F-22 Raptor ទៅកាន់ប្រទេសកាតារលើកដំបូង ដើម្បីសម្តែងអានុភាពខាងអាកាសនៅឈូងសមុទ្រពែរ្ស ដែលកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់ ។

AFP រាយការណ៍ពីទីក្រុងវ័រស៊ីងតុន សហរដ្ឋអាមេរិក ថ្ងៃទី ២៩ មិថុនាថា ហ្វូងយន្តហោះចម្បាំងបច្ចេកវិជ្ជា ស្តេល F-22 រេបទ័រ បានចល័តទៅកាន់ប្រទេសកាតារ ដើម្បីការពារ កងកម្លាំង និងផលប្រយោជន៍របស់អាមេរិក តែមិនប្រាប់ចំនួននៃយន្តហោះនោះទេ ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នា ចាប់តាំងពីក្រុងវ័រស៊ីងតុន ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ជាមួយ ៦ ប្រទេសមហាអំណាច កាលពីឆ្នាំ ២០១៥ មុនប្រកាសដាក់ទណ្ឌកម្មក្រុងតេអេរ៉ង់ថ្មី ហើយកាន់តែតានតឹងទៀតកាលពីសប្តាហ៍កន្លង នៅពេលអ៊ីរ៉ង់បាញ់ដ្រូនរបស់កងទ័ពអាមេរិកធ្លាក់ និងការវាយប្រហារនាវាផ្ទុកប្រេង ២ លើកក្នុងឈូងសមុទ្រអូម៉ង់ ។ ថ្មីៗនេះទៀត ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាថ្មីទៅលើអ៉ីរ៉ង់ ។

កាលពីខែឧសភាកន្លងទៅ កងទ័ពអាកាសអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់ B-52 ទៅកាន់ឈូងសមុទ្រពែរ្ស ដើម្បីជាការឆ្លើយតបនូវអ្វីដែលក្រសួងការពារសហរដ្ឋអាមេរិកអធិប្បាយថា អ៊ីរ៉ង់មានផែនការវាយប្រហារសហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ៕

ឃ្លីប – US MTRY

ដោយ Bong Rith Kh

Credit – Ashley Gardner/US military, U.S. Air Force photo by Tech. Sgt. Nichelle Anderson, REUTERS