ឌូតេរតេ៖ អាម៉េរិកព្យាយាមរុញច្រានពួកយើង ដោយយកខ្ញុំធ្វើជានុយ តើអ្នកចាត់ទុកប្រជាជនហ្វីលីពីនជាអ្វី?

ប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ និយាយទៅកាន់សហរដ្ឋអាម៉េរិកថា «ក្រុងវ័រស៊ីងតុនចង់ឲ្យហ្វីលីពីនច្បាំងជាមួយចិន និងកំពុងប្រើប្រទេសសម្ព័ន្ធមិត្តទាំងឡាយជា«នុយ»របស់ក្រុងប៉េកាំង ។

«អាម៉េរិកព្យាយាមរុញច្រានពួកយើង ដោយយកខ្ញុំធ្វើជានុយ តើអ្នកមើលឃើញប្រជាជនហ្វីលីពីនជាអ្វី? ជាជន្លេនឬ?» ។

«ឥឡូវនេះ ខ្ញុំសុំប្រាប់ថា យន្តហោះ នាវាចម្បាំងរបស់អ្នក បានមកដល់សមុទ្រចិនខាងត្បូងហើយតើ! អ៊ីចឹងបើកឆាកបាញ់គ្នាទៅ យើងនៅទីនេះ នៅពីក្រោយអ្នកឯង!!» ។

រឿងនេះមានឡើង ក្នុងពេលដែលរដ្ឋាភិបាលហ្វីលីពីន កំពុងមើលឃើញខ្លួនឯងថា កំពុងធ្លាក់ទៅក្នុងជង្ហុកនៃគោលបំណងរបស់អាម៉េរិកដែលមានភាពប្រទាំងប្រទើសជាមួយចិន ដែលពង្រីកដែនសមុទ្រចិនខាងត្បូង ជាពិសេសជាមួយនឹងកោះផ្សេងៗដែលហ្វីលីពីនអះអាងថាជាម្ចាស់កម្មសិទ្ធិលើកោះទាំងនោះដែរ ។

ប្រធានាធិបតីរូបនេះបាននិយាយថា សហរដ្ឋអាម៉េរិកដឹងយ៉ាងច្បាស់អំពីករណីប្រទេសចិនបង្កើតកោះសិប្បនិម្មិត ហើយកងនាវាទី ៧ របស់អាម៉េរិក ក៏មានប្រចាំការនៅក្នុងប្រទេសជប៉ុនដែរ ហេតុអ្វីបានជាពួកគេមិនបញ្ជូនកងនាវាទៅកាន់កោះស្ព្រីតលី ហើយនិយាយថា ពួកអ្នកឯង(ចិន) មិនគួរសាងសង់កោះសិប្បនិម្មិតដែលត្រូវបានហាមឃាត់ដោយច្បាប់អន្ដរជាតិ ។ លោក ឌូតេរតេ សួរអាម៉េរិក​ថា «សហរដ្ឋអាម៉េរិកអនុញ្ញាតឱ្យពួកគេសាងសង់ ឥឡូវនេះអ្វីគ្រប់យ៉ាងនៅទីនោះ គឺមានទាំងកាំភ្លើង និងមីស៊ីល» ។

កាលខែកន្លងទៅ នាវានេសាទរបស់ហ្វីលីពីនមួយគ្រឿង ត្រូវនាវាចិនបុកនៅកណ្តាលសមុទ្រ ធ្វើឲ្យអ្នកនេសាទហ្វីលីពីន ២២ នាក់ហែលកណ្តាលសមុទ្រ ។ រដ្ឋាភិបាលក្រុងម៉ានីឡានិយាយថា ជាការបុកហើយគេច តែត្រូវបានជួយសង្គ្រោះពីនាវាវៀតណាម ។

ឌូតេរតេ និយាយថា «យើងមិនអាចជាភាគីឈ្នះក្នុងការធ្វើសង្គ្រាមជាមួយចិនទេ… ខ្ញុំមិនអាចបញ្ជាទាហានរបស់ខ្ញុំទៅឈរលើមាត់ជ្រោះមរណៈ ដើម្បីទៅស្លាប់ដោយប្រាសចាកការប្រយុទ្ធឡើយ ខ្ញុំមិនអាចធ្វើបែបនឹងបានទេ…!» ៕

ប្រភពពីវេបសាយរបស់ថៃ mgronline

ដោយ សូរ្យសែង