KH EMPIRE

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៅកម្ពុជា, ប្ដូរពីសង្គ្រាម មកសន្ដិភាព និងការអភិវឌ្ឍ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល គឺជាគណបក្សតែមួយគត់នាំទៅដល់ការផ្លាស់ប្ដូរនៅកម្ពុជា ហើយក៏ជានិមិត្ដរូបនៃការផ្លាស់ប្ដូរផងដែរ។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវហេតុផលមួយចំនួន ដែលនាំឲ្យសម្ដេចហ៊ានអះអាងថា ជានិមិត្ដរូបនៃការផ្លាស់ប្ដូរ គឺផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនៅទីនេះបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល ជានិមិត្ដរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា […] យើងបានឃើញជាក់ស្ដែងរួចហើយថា ការផ្លាស់ប្ដូរពីវាលពិឃាត មកកាន់ការរស់រានមានជីវិតឡើងវិញ, ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្ដិភាព, ការផ្លាស់ប្ដូរពីភាពក្រីក្រតោកយ៉ាក់ មកកាន់ស្ថានភាពប្រទេសមួយ មានប្រាក់ចំណូលមធ្យមកម្រិតទាប នឹងអាចឈានទៅដល់ការផ្លាស់ប្ដូរនៅឆ្នាំ២០៣០ សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់»។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងអាចចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលទាំងអស់នេះជាការផ្លាស់ប្ដូរមានចរិកជាក់ស្ដែងនិយម។ ជាក់ស្ដែង កាលពីព្រឹកមិញនៅពេលដែលសម្ដេចចុះពីលើរថយន្ដ ឃើញនៅអគារខ្ពស់ៗ ហើយទីតាំងកោះពេជ្រនេះ ពីដើមគ្រាន់តែជាកន្លែងមួយដែលនាវាលិច ក្រោយមកដុះព្រៃត្រែងជុំជិត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់ក្នុងរាជធានីភ្នំពេញ កាលពីអតីតកាលមានអគារខ្ពស់៧ជាន់ តែមួយអគារប៉ុណ្ណោះ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ មានអគារខ្ពស់ចាប់ពី៥ជាន់ ដល់៣០ជាន់ ៤០ជាន់ រាប់រយអគារ ដែលទាំងអស់នេះ ជានិមិត្ដរូបនៃការផ្លាស់ប្ដូរ។ ដូច្នេះចាប់ពីពេលនេះទៅ គណបក្សប្រជាជនកម្ពុជា ក៏និយាយថា ជាគណបក្សដែលនាំឲ្យមានការផ្លាស់ប្ដូរជាក់លាក់មួយ ខុសពីគណបក្សផ្សេងដែលគ្មានតែនិយាយ គ្រាន់តែស្រម៉ៃចង់បានអំណាចប៉ុណ្ណោះ។

ដោយឡែក សម្រាប់វិស័យអប់រំ ប្រែកាលពីការគ្មានសាលារៀន ឬរៀនបានតិចតួច ប៉ុន្ដែឥលូវនេះមកមានសាលារៀន គ្រប់ទីកន្លែងទាំងអស់ ហើយសិស្ស និស្សិតទៀតសោតស្លៀកសម្លៀកបំពាក់ស្អាតបាត។ ទាំងអស់នេះហើយ ទើបគណបក្សប្រជាជនកម្ពុជាហ៊ានប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរ៕

Exit mobile version