KH EMPIRE

«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា», «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ», «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាសម្រែកជ័យឃោស លាន់ឮកងរំពងនៅចំណតរថយន្ដផ្សារវាលយន្ដ ក្រុងស្វាយរៀង

មុំបី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺ ភាពស្អាត បៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន ផ្តោតលើយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានបន្ដរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយអនុវត្តជាកម្មវិធី«ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» នៅចំណតរថយន្ដផ្សារវាលយន្ដ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អង្គភាពពាក់ព័ន្ធចំណុះខេត្ដស្វាយរៀង អង្គការដៃគូ ស.ស.យ.ក. សិស្សានុសិស្ស និងអាជីវករផ្សារវាលយន្ដ ប្រមាណជាង ១ ៥០០នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ១). ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក ២). ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន និង៣). ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់កន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានរួមគ្នាសម្អាតប្លាស្ទិកតាមដងផ្លូវក្បែរផ្សារ និងចុះចែកជូនកន្រ្ដកដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារវាលយន្ដ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ជាមួយគ្នានេះដែរ ក្នុងអង្គពិធីបានបេ្ដជ្ញារួមគ្នា ដោយស្រែកបន្ទរនូវពាក្យស្លោកព្រមៗគ្នាថា ៖ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា! ចំនួន ២(ពីរ)ដង, ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ! ចំនួន ២(ពីរ)ដង និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ចំនួន ២(ពីរ)ដង៕

Exit mobile version