KH EMPIRE

អាជ្ញាធរជាតិអប្សរាបើកយុទ្ធនាការចែកកូនឈើ ដល់ពលរដ្ឋរស់នៅក្នុងក្រុងរុនតាឯក តេជោសែន

កូនឈើជាង១០ប្រភេទ រួមមាន៖ ឈើបេង ក្រញូង ផ្ចឹក សុក្រម ដើមឈើមានផ្កាលម្អ និងដើមឈើអាចអាស្រ័យផលបាន ចំនួន៥,០០០ដើម ត្រូវបានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បើកយុទ្ធនាការចែកជូនពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន ដើម្បីបង្កើនគម្របបៃតង ផ្តល់ជាម្លប់ និងការពារការប្រែប្រួលអាកាសធាតុជាដើម។

លោក ស៊ុន កែវពិសី អនុប្រធានប្រចាំការនៅអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រុមការងារបានបើកយុទ្ធនាការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងរុនតាឯក តេជោសែន ខណៈជំហានដំបូងកូនឈើដែលបានត្រៀមសម្រាប់ចែកជូន មានចំនួនប្រមាណ៥,០០០ដើម ដែលយុទ្ធនាការ និងចាប់ផ្តើមពីដើមរដូវវស្សានេះ រហូតដល់ចុងបញ្ចប់នៃរដូវវស្សាក្នុងឆ្នាំនេះ។

អ៊ំស្រី លាន សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិតានី ក្រុងរុនតាឯក តេជោសែន មកទទួលកូនឈើយកទៅដាំដុះនៅគេហដ្ឋានរបស់ខ្លួន បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលអាជ្ញាធរជាតិអប្សរា ចែកជូនកូនឈើចម្រុះ ដល់ពលរដ្ឋអាចយកទៅដាំដុះនៅក្បែៗផ្ទះ ដើម្បីផ្តល់ជាម្លប់ បង្កើនសោភ័ណ្ឌភាពបៃតងស្រស់ស្អាត និងអាចពឹងអាស្រ័យផល បាននៅពេលដើមឈើទាំងនោះធំលូតលាស់ក្នុងពេល២ឬ៣ឆ្នាំខាងមុខ។

ចំណែកអ៊ំស្រី សាំង សារឿន ពលរដ្ឋរស់នៅក្នុងក្រុងរុនតាឯក តេជោសែន មានប្រសាសន៍ថា ការផ្តល់ជូនកូនឈើរបស់អាជ្ញាធរជាតិអប្សរានាពេលនេះ គឺស្របនិងការចង់បានរបស់ពលរដ្ឋក្នុងសហគមន៍ ព្រោះថាពលរដ្ឋខ្លះទើបតែចូលមករស់នៅថ្មីៗ ត្រូវការដើមឈើ យកទៅដាំដើម្បីផ្តល់ជាប្រយោជន៍ក្នុងពេលខាងមុខ។ អ៊ំស្រី បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សារា ចំពោះការគិតគូរអំពីសោភ័ណ្ឌភាព បរិស្ថាន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា និងលោក ស៊ុំ សុមេធ

Exit mobile version