KH EMPIRE

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ និងផ្សព្វផ្សាយការងារចុះបញ្ជីដីធ្លីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ដោយអនុវត្តន៍តាមអនុក្រឹត្យលេខ២៤៥ អនក្រ.បក ក្នុងភូមិសាស្រ្តខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។

បើតាមរបាយរបស់លោក នី សុធីប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ មន្ទីរបានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក គេចគាំពារបរិស្ថាន ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត និងស្វែងរកប្រភពបំពុលបរិស្ថានតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១ ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។ និងបានសហការជាមួយក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង និងបានចុះប្រមូលទិន្នន័យការប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំបានចំនួន ៥៤ទីតាំងសំខាន់ៗទូទាំងខេត្ត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ និងកិច្ចសហការរបស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំនាពេលកន្លងមក ដែលបានចូលរួមសហការយ៉ាងសកម្មបំផុត ដោយបំពេញតួនាទីភារកិច្ចជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន ការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីណែនាំនិងគំរូផែនការងារនានាសំដៅ គាំទ្រដល់ការអនុវត្តមុខងារដែលបានផ្ទេរដោយក្រសួងបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព សំដៅធានាបាននៅសោភ័ណ្ឌភាព ក្រុង-ស្រុក និងកិច្ចគាំពារសុខមាលភាពសាធារណៈជាដើម។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តថា៖ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ ទាំងលើរចនាសម្ព័ន្ធដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលជាបុព្វហេតុដ៏សំខាន់នៅក្នុងការឆ្ពោះទៅរកវិបុលភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរបរិស្ថាននៅពេលនេះ ក្នុងគោលបំណងពិនិត្យលើបញ្ហាប្រឈម និងភាពខ្វះចន្លោះនានាដូចជា ការថយចុះនៃគុណភាពបរិស្ថាន រួមមាន៖ បញ្ហាទឹកដីខ្យល់ពីដើម ដែលកត្តាទាំងនេះបានបង្ករការរាំងស្ទះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីរិះរកដំណោះស្រាយ និងកាលានុវត្តភាពជំរុញឲ្យមានការអនុវត្តប្រព្រឹត្តទៅដោយជោគជ័យ៕

Exit mobile version