KH EMPIRE

វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបរិស្ថាន ស្តីពី «ភាពស្អាតនៅភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិក» នៅខេត្តត្បូងឃ្មុំ

នាយដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបរិស្ថាន ស្តីពី «ភាពស្អាតនៅភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិក» ដែលបានប្រព្រឹត្តទៅចាប់ថ្ងៃទី២៣-២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីផ្ទេរនូវចំណេះដឹងទាំងផ្នែកគោលនយោបាយ និងផែនការសកម្មភាព និងការយល់ដឹងអំពីបរិស្ថាន ដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ក្នុងការរៀបចំផែនការសកម្មភាពបណ្តុះបណ្តាល និងជំនាញក្នុងការអប់រំផ្សព្វផ្សាយបន្តដល់សាធារណៈជនទូទៅស្របតាមយុទ្ធសាស្រ្តចក្រាក្រសួងបរិស្ថាន ដែលផ្តោតសំខាន់ទៅលើភាពស្អាត ភាពបៃតង និងចីរភាព។

វគ្គបណ្តុះបណ្តាលដែរនេះបានរៀបចំឡើងចំនួនពីរកន្លែងផ្សេងគ្នាគឺនៅសាលាស្រុកអូររាំងឪ និងនៅពុទ្ធិកវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងសួង ក្នុងគោលដៅដើម្បីពង្រីកសមាសភាពអ្នកចូលរួមឱ្យបានកាន់តែលឿនសំដៅចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ព្រមទាំងធ្វើការបញ្រ្ជាបចំណេះដឹង និងជំនាញបរិស្ថានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក គង់ សៀកលី អគ្គនាយករងចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមជាសិក្ខាកាមមកពីមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ព្រមទាំងព្រះសង្ឃ និងរដ្ឋបាលស្រុកអូរាំងឪ រដ្ឋបាលស្រុកត្បូងឃ្មុំ និងរដ្ឋបាលក្រុងសួង សរុបចំនួន១០០នាក់។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីឆ្លើយតបចំពោះបញ្ហាខាងលើ និងដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរៀបចំយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលក្នុងនោះ «ការងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន» ជាយុទ្ធសាស្រ្តស្នូល ដើម្បីសម្រចឱ្យបាននូវ «ភាពស្អាត ភាពបៃតង និងចីរភាព» ។

លោកជំទាវបានបន្តទៀតថា ក្រសួងបរិស្ថានទទួលបានការគាំទ្រជាខ្លាំង លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ហើយពេលថ្មីៗនេះ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដោយមានកូនឈើ ចំនួន ១លាន៣សែនដើម ត្រូវបានចែកជូនប្រជាជនខ្មែរដោយមិនគិតថ្លៃ ដើម្បីយកទៅដាំនៅតាម ទីសាធារណៈ សាលារៀន វត្តអារាម និងសហគមន៍ ក្នុងគោលបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។
ជាលទ្ធផលនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ៖
• បានចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តន៍យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន
• សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញអំពីបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ប្លាស្ទិក
• សិក្ខាកាមទទួលបានជំនាញ ឬបច្ចេកទេស ផ្ទេរចំណេះដឹងបរិស្ថានដោយប្រើសម្ភារៈឧបទេសអប់រំបរិស្ថាន ដល់សាធារណជនក្នុងសហគមន៍របស់ខ្លួនប្រកបដោយប្រសិទ្ធភាព
• បានបង្កើតបណ្តាញគ្រូបង្គោលបរិស្ថាន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តន៍ផ្សេងៗ ជាដើម្បីបរិស្ថាន មានភាពស្អាត ភាពបៃតង និងចីរភាព
• សិក្ខាកាមចេះរៀបចំផែនការអប់រំបរិស្ថានទៅក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំភូមិ ឃុំ/សង្កាត់ និងស្រុក/ខណ្ឌ ៕

Exit mobile version