លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ២០០នាក់ នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ដោយក្តីនឹករលឹក និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវបានថ្លែងនូវការកោតសសេីរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំខេត្តដែលបានកែប្រែសោភណ្ឌភាពរបស់ខេត្តគួរឲ្យកត់សម្គាល់ ។ ដោយឡែកការជួបសំណេះសំណាលនេះ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត ដូចជាតាមរយៈ ការផ្តល់នូវគោលនយោបាយគាំពារសង្គម ការគិតគូអំពីសុខុមាលភាពសង្គម ការតម្លេីងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ កម្មការិនី ជាដេីម ។ ល។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាកមកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងបានផ្តាំផ្ញេីរដល់កម្មករ កម្មការិនីត្រូវចូលរួម ថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នា។
ក្នុងឱកាសនេះដែរលោកជំទាវក៏បាននាំយកនូវអំណោយចែកជូនបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន (១)អង្ករ ២៥គីឡូក្រាម (២)ទឹកត្រី ១យួរ (៣)ទឹកស៉ីអ៉ីវ ១យួរ (៤) ត្រីខ ១យួរ និង (៥.)ថវិកា២ម៉ឺនរៀល បន្ទាប់មកក៏មានការពិសារអាហារថ្ងៃត្រង់រួមគ្នា ក្នុងបរិយាកាស និងសិ្នទ្ធស្នាលជាទីបំផុត ៕