យើងនៅចាំប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងថា «ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅការងារអាទិភាព» ។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញ និងលើកទឹកចិត្តឲ្យបង្រ្កាបការជួញដូរគ្រឿងញៀននៅក្នុងខេត្តត្បូងឃ្មុំ ។ កាលពីថ្មីៗនេះ គណ:បញ្ជាការឯកភាពស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានបង្ក្រាប និងចាប់ជនល្មើសជួញដូរគ្រឿងញៀន ២នាក់ ព្រមទាំងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ទៅតុលាការដាក់ទោសតាមច្បាប់ ហើយឯកឧត្តមបានអំពាវនាវឲ្យបន្តបង្ក្រាបដូចភ្លៀងរលឹម ដើម្បីភូមិ ឃុំ ស្រុក ក្រុងខេត្ត គ្មានគ្រឿងញៀន និងមានសុខសុវត្ថិភាពទូទាំងខេត្ត ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យារីកចម្រើន ក្រុមឧក្រិដ្ឋជន បានធ្វើការផ្លាស់ប្តូររូបភាព កលល្បិច និងវិធីសាស្រ្តថ្មីៗ ក្នុងការលួចលាក់ កែច្នៃផលិតគ្រឿងញៀន ដូច្នេះអាជ្ញាធរមូលដ្ឋានរបស់យើងក៏ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្កើនយុទ្ធវិធី ទប់ទល់ជាមួយពួកទុច្ចរិតទាំងនេះ ។ ពួកទុច្ចរិត តែងប្រើកលល្បិច ធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ។ល។ ហើយកម្លាំងបង្ក្រាបរបស់យើងតែងបង្ក្រាបបានជារឿយៗ ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ នៃស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បងផងដែរ ។
ហើយការដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ ទាំង ៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរួមមាន ៖ (១) ការផ្សព្វផ្សាយ និងអប់រំ, (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣) ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, (៤) ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់, និង(៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។