ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាល ប្រាជ្ញ ស៊ុន ជាន់ទី២ នៃទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី អំពៅ ស្វាយចន្ទី អាកាស្យា ប្រេងខ្យល់ និងស្មៅចំណីសត្វ) លើផ្ទៃដីទំហំ ៤ ៥៩៥,៦៣ហិកតា ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ របស់ក្រុមហ៊ុន ស៊ីជេ ខេមបូឌា និងមានសមាសភាពអញ្ជើញចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ អនុរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួង អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រុមការងាររបស់នាយកដ្ឋាន EIA អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តតាកែវ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តតាកែវ តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ វីស៊ើច អេន ឌីវេឡុបមេន សរុបចំនួន ៣៣រូប។
១-អង្គប្រជុំគាំទ្រ គម្រោងវិនិយោគអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី អំពៅ ស្វាយចន្ទី អាកាស្យា ប្រេងខ្យល់ និងស្មៅចំណីសត្វ)នេះ។
២-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវផ្តល់ផែនការមេរយៈពេលមធ្យម និងវែង ដើម្បីបញ្ចូលក្នុងរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងនេះ។
៣-ក្រុមហ៊ុនប្រឹក្សា ត្រូវវិភាគគុណភាពទឹកអូរដែលនៅតំបន់ទីតាំងគម្រោងវិភាគឡើងវិញ។
៤-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវចូលរួមយុទ្ធនាការដាំដើមឈើជាមួយក្រសួងបរិស្ថាន ដោយដាំនៅតាមទ្រនាប់ដងអូរទាំងពីរនោះ ដើម្បីបង្កើនគម្របបៃតង ហើយក៏ជួយការពារកុំឱ្យប្រជាជនមកតាំងទីលំនៅទីនោះ និងជួយកាត់បន្ថយការហូរច្រោះនៅតំបន់នោះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរ ដើម្បីធ្វើយុទ្ធនាការដាំដើមឈើនេះ។
៥-ត្រូវបញ្ចូលមតិយោល់វិជ្ជមានរបស់អន្តរក្រសួង ដើម្បីបំពេញធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញនេះ ៕