លោក អែម វណ្ណប្រណិត ប្រធានការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង និងមន្រ្តីឧទ្យានុរក្សប្រចាំតំបន់អភិរក្សព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារនាយកដ្ឋានតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដឹកនាំដោយលោក ហុង ចំណាន ប្រធាននាយកដ្ឋាន និងក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត នៅទីស្នាក់ការតំបន់អភិរក្សព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់ ដោយមានការចូលរួមពី អង្គភាពចំណុះ រដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកត្បូងឃ្មុំ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ភូមិពាក់ព័ន្ធ។ បន្ទាប់ពីប្រជុំពិភាក្សាដោយមានការចូលរួមយោបល់ពីសមាជិកអង្គប្រជុំ អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
-រក្សាតំបន់ព្រៃលិចទឹកបឹងប្រាទំហំ១៦៩ហិកតាទំហំនៅដដែល។
-ភ្ជាប់តំបន់បឹងក្រចាប់ ជាមួយតំបន់ព្រៃឫស្សីមាត់ឃ្មង់។
-រណ្ដៅដីក្នុងតំបន់ព្រៃឫស្សីមាត់ឃ្មង់ ដែលជីកយកអាចម៍ដីបំពេញទីទួលសុវត្ថិភាព រក្សានៅក្នុង ផែនទីនៃការសិក្សាដាក់ជាតំបន់ការពារធម្មជាតិដដែល។
-តំបន់ដែលក្រុមការងារក្រសួងបរិស្ថានបានចុះសិក្សាឆ្នាំ២០២១ រួមនឹងផ្ទៃដីមួយផ្នែកនៃសេចក្តី ជូនដំណឹងលេខ១៦៨សជណ.កស របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០២ ត្រូវកំណត់ជាតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ។
-ដីសជណ ឆ្នាំ២០០២ អមសងខាងផ្លូវជាតិលេខ៦A ចាប់ពីគល់ស្ពានមាត់ឃ្មង់ រហូតផ្លូវបំបែក មុខសាលាឃុំទន្លេបិទគួរកំណត់ប្រវែង ៩០ម៉ែត្រ ពីអ័ក្សផ្លូវផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវតាមបណ្ដាំប្រសាសន៍ សម្ដេចទេពញាណ ហ៊ុន ណេង កាលដែលសម្តេចនៅជាអតីតអភិបាលខេត្តកំពង់ចាម។
-ក្រុមការងារក្រសួងបរិស្ថាននឹងប្រជុំពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ពិនិត្យលើដីអតីតឡូត៍នេសាទលេខ៩ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពដាក់បញ្ចូលបន្ថែម ជាតំបន់ការពារធម្មជាតិ ៕