KH EMPIRE

អាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ រួមគ្នាដាំកូនឈើក្នុងពេលតែមួយថ្ងៃតែមួយដើម្បីភាពបៃតង ដែលនឹងនាំមកនូវភាពស្រស់ស្រាយ ជាមួយរបងដ៏រឹងមាំសម្រាប់ការពារ និងថែរក្សាកម្ពុជា

(ត្បូងឃ្មុំ)៖ កូនឈើចំនួន ១៧,៤០០ដើម ត្រូវបានដាំព្រមគ្នាក្នុងពេលតែមូយ ថ្ងៃតែមួយ ដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំង៧ ស្រុក/ក្រុង នៅខេត្តត្បូងឃ្មុំ។

លោក ប៉ែន កុសល្យ បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះការបន្តថែរក្សាធម្មជាតិ តាមរយៈការលើកកម្ពស់ និងបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណជន អំពីអត្ថប្រយោជន៍ព្រៃឈើ ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនគម្របបៃតង សោភ័ណភាព ភូមិដ្ឋាននិងការលើកកម្ពស់ជីវភាពរបស់សហគមន៍។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការដាំកូនឈើ «បណ្តុះផ្នត់គំនិត ពន្លកបៃតង» រៀបចំឡើងនៅទូទាំងខេត្តនាពេលនេះ ដើម្បីភាពបៃតង ដែលនឹងនាំមកនូវភាពស្រស់ស្រាយ ជាមួយរបងដ៏រឹងមាំសម្រាប់ការពារ និងថែរក្សាកម្ពុជាយើង។

ក្រសួងបរិស្ថាន នៅក្នុអាណ្ណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង គិតគូរដល់ប្រយោជន៍របស់សហគមន៍ និងដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

លើសពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះ និងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងការពារទឹកដីកម្ពុជា។

កន្លងមកលោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅថ្ងៃខាងមុខនេះ លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង២ម៉ឺនដើមបន្ថែមទៀត ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

សម្រាប់ទិសដៅទៅអនាគត លោកបណ្ឌិត បានបង្ហាញពី បំណងចែកជូនកូនត្នោតដើម្បីជូនប្រជាពលរដ្ឋដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាងទាំងអស់៕

Exit mobile version