នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំស្តីពី ការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្តបាត់ដំបង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមក្រុមប្រឹក្សាខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងរដ្ឋបាលក្រុងស្រុកទាំងអស់ក្នុងខេត្តបាត់ដំបង។
កិច្ចពិភាក្សា ក៏បានលើកឡើងអំពីមុខងាររបស់ក្រសួងបរិស្ថានដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងក្របខ័ណ្ឌខេត្តបាត់ដំបង រួមមាន៖
១. ការងារគាំពារបរិស្ថាន
– ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
– ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
២. ការគ្រប់គ្រងតំបន់ការពារធម្មជាតិ
៣. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
៤. ការពង្រឹងការងារអប់រំបរិស្ថាន
៥. ការអភិវឌ្ឍដោយចីរភាព