KH EMPIRE

ឯកឧត្តម សាបូ អូហ្សាណូ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ការងារបរិស្ថានក្នុងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន នៃ CLV-DTA

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាននៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ការងារបរិស្ថានក្នុងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) ដោយមានការចូលរួមពីឧត្តម មាស សុផល អនុរដ្ឋលេខាធិការ លោក ផិត ពេឆរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក ជៀប ប៊ុនអៀង អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថាន និងលោក ហុង ចំណាន ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ សរុបចំនួន ៦នាក់។ លទ្ធផលនៃកិច្ចប្រជុំ៖

– អង្គប្រជុំ បានពិនិត្យលើសេចក្តីព្រាងរបាយការណ៍សង្ខេបពី ១.អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ២. អគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថាន និង៣.អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ

– ស្នើសុំឱ្យគ្រប់អគ្គនាយកដ្ឋាន បន្តពិនិត្យ និងកែសម្រួល ដោយផ្ញើត្រឡប់មកវិញនូវរបាយការណ៍សង្ខេបរបស់ ១.អគ្គនាយកដ្ឋានគាំពារបរិស្ថាន ២.អគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ៣.អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និង៤.អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត មកក្រុមការងារអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន ត្រឹមថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីបូកសរុប។

– ឯកឧត្តមប្រធាន បានបញ្ជាក់ថា យោងខ្លឹមសារលិខិតលេខ ៨៦៨ សជណ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០០៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី តម្រូវឱ្យក្រុមមន្រ្តីជំនាញអន្តរក្រសួង ត្រូវចុះបំពេញបេសកកម្មជួយការងារអភិវឌ្ឍន៍តំបន់ត្រីកោណ ក្នុងមួយត្រីមាសម្តង ហើយគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលការងារអភិវឌ្ឍន៍តំបន់ត្រីកោណ ត្រូវចុះបំពេញការងារមួយឆមាសម្តង ដោយមានការផ្គត់ផ្គង់ហិរញ្ញវត្ថុតាមរបបរដ្ឋកំណត់ និងឱ្យក្រសួងនីមួយៗត្រូវមានកញ្ចប់ថវិកាស្មើនឹង ១%នៃថវិកាសរុបរបស់ក្រសួងសម្រាប់យកមកអភិវឌ្ឍខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍ ដោយមានគំរោងច្បាស់លាស់ ដែលឯកភាពដោយរដ្ឋាភិបាលជាមុនសិន។

ស្នើសុំគ្រប់អគ្គនាយដ្ឋាន ពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦ សម្រាប់ចុះបំពេញបេសកកម្ម និងកញ្ចប់ថវិកាស្មើនឹង ១%នៃថវិកាសរុបរបស់ក្រសួងសម្រាប់យកមកអភិវឌ្ឍខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត ក្នុងវិស័យសង្គម សេដ្ឋកិច្ច និងបរិស្ថាន ប្រកបដោយភាពស្អាតលើដី ក្នុងទឹក និងក្នុងខ្យល់ បៃតង និងចីរភាព ៕

Exit mobile version