រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៣ កន្លែង គិតមកត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមការងារជំនាញ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរួចជាស្រេចដល់ រោងចក្រសហគ្រាសចំនួន៣ ទីតាំងធំៗ មុនគេនៅក្នុងស្វាយរៀង និងខេត្តបាត់ដំបង។ រោងចក្រសហគ្រាស ចំនួន៣ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យាជាមួយក្រុមការងារតម្លើង។ កន្លងមករោងចក្រសហគ្រាសចំនួនជាង១០០ រួចមកហើយ បានស្នើសុំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ដើម្បីធានាថាសំណល់រាវបញ្ចេញពីមូលដ្ឋានរោងចក្រ សហគ្រាសរបស់ខ្លួន មិនមានជាតិពុល មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលរស់នៅ និងកំពុងបំពេញការងារនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន មុននឹងការបង្ហូរចេញទៅតាមប្រឡាយប្រភពទឹកសាធារណៈ។
សូមបញ្ជាក់ថា ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាម៖
– ក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា ១៧៨ មាត្រា២៨៧ ចំណុច ខ និងមាត្រា ២៨៨ ចំណុច ខ
– អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (ឆ្នាំ១៩៩៩) ត្រង់មាត្រា ២៣៖ ទទួលខុសត្រូវក្នុងការដំឡើងឧបករណ៍ សម្រាប់ធ្វើការវាស់នូវចរន្តហូរ កំហាប់ និងបរិមាណសារធាតុបំពុល ដែលមាននៅក្នុងសំណល់រាវរបស់ខ្លួន និងត្រូវរក្សាលទ្ធផលទុកជាឯកសារ។ លទ្ធផលនៃការវាស់ស្ទង់ ត្រូវធ្វើជារបាយការណ៍មកកាន់ក្រសួងបរិស្ថាន រៀងរាល់ ៣ខែម្តង។
– និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល ព្រមទាំងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។
នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតនៅលើដែនដី ភាពស្អាតលើដែនទឹក និងស្អាតនៅលើដែនអាកាស ដែលធ្វើឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕