KH EMPIRE

ឯកឧត្តម ង៉ូវ បូរីណា អនុប្រធានប្រចាំការ យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សក្រសួងប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុត្តបន្ត

នៅថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហុង ឡុង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សក្រសួងប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុត្តបន្ត។ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងទាំងអស់។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងទាំងអស់ ដែលពោរពេញដោយសមត្ថភាព ជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារដល់ក្រុមការងារយុវជនគណបក្ស នៃគណៈកម្មាធិការគណបក្សក្រសួង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា សំដៅរួមចំណែកក្នុងការកសាង កម្លាំងយុវជន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមបណ្ឌិត ហុង ឡុង បានអំពាវនាវឱ្យក្រុមការងារយុវជនគណបក្សក្រសួងទាំងអស់ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច ។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវជាថ្មី សូមឱ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕

Exit mobile version