KH EMPIRE

លោកជំទាវ ងិន លីណា ចូលរួមពិធីបើកការដ្ឋានសាងសង់ អគារមន្ទីរពេទ្យកាលម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាលម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងផ្តល់សេវាសុខាភិបាលដ៏សំខាន់មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការកាន់តែច្រើនឡើងលើសេវាសុខាភិបាល មន្ទីរពេទ្យបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមមានការសង់អគារផ្តល់សេវាសុខាភិបាលកាន់តែច្រើន និងបំពាក់បរិក្ខារបម្រើការព្យាបាលកាន់តែទំនើបៗផងដែរ។ បើទោះបីមានអគារជាច្រើនត្រូវបានសាងសង់ច្រើនយ៉ាងណាក្តី ក៏មិនទាន់ឆ្លើយតបនឹងកំណើននៃតម្រូវការផ្នែកសុខាភិបាលនោះដែរ ជាហេតុតម្រូវឱ្យមន្ទីរពេទ្យត្រូវសាងសង់អគារផ្តល់សេវាសុខាភិបាលបន្ថែម។

អគារទាំង៣ ដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ គឺជាអគារផ្តល់សេវាសុខាភិបាលដ៏ចាំបាច់បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ ហើយសប្បុរសជននានាក៏បានចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះ ៣ ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន, ដោយផ្តោតជាចម្បងលើ ១). ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ២). អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និង គ្រោះអាសន្ន សុខភាព, ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន; និង ៣). កសាងភាពជាដៃគូរឹងមាំ រវាងវិស័យ សុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី បានបន្តថ្លែងថា ទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រជារឿងល្អ តែការពង្រឹងគុណភាពធនធានមនុស្ស លើវិស័យសុខាភិបាលនៅតែជាកិច្ចការចាំបាច់ ៕

Exit mobile version