KH EMPIRE

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារនិងតម្រូវការប្រចាំថ្ងៃ

ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន បាននិងកំពុងប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គាំទ្រដល់ការប្រកបសកម្មភាពអាជីពរបស់ខ្លួនប្រចាំថ្ងៃ។ នេះជាដំណើរឆ្ពោះទៅមុខក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយធម្មនុញ្ញនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្ដម ទេព អស្នារិទ្ធបន្តថា កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ ក្បាលហើយ ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន(ទាំងអាជីពនិងមិនមែនអាជីព) យកទៅប្រើប្រាស់ ដោយពួកគេបានដាក់តាមខ្លួនសម្រាប់ការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួចមក ក្រសួងព័ត៌មានបានទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីយកទៅប្រើប្រាស់ ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងសំណើសុំពីអ្នកផលិតមាតិកាផងដែរ ជាបន្តបន្ទាប់។ មកទល់ពេលនេះចំនួនកូនសៀវភៅធម្មនុញ្ញដែលបានស្នើសុំ មានចំនួនសរុប ៨,០០០ ក្បាលហើយ ខណៈក្រសួងព័ត៌មានកំពុងបន្តទទួលបានការស្នើសុំជាបន្តបន្ទាប់ទៀត។ ក្រសួងព័ត៌មាននឹងរៀបចំការផ្តល់ជូននូវកូនសៀវភៅធម្មនុញ្ញ ដែលត្រូវបានស្នើសុំទាំងនេះ ក្នុងក្របខណ្ឌនៃការចែកជូនដោយឥតគិតថ្លៃ។

ឯកឧត្ដម អ្នកនាំពាក្យក្រសួងព័ត៌មានបន្ថែមថា កាយវិការរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាទាំងនេះ ជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត អំពីការទទួលយកនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ការអនុវត្ត ដែលការណ៍នេះបានធ្វើឡើងដោយផ្អែកលើការឯកភាពនិងឆន្ទៈរួមរបស់តួអង្គនិងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីគាំទ្រដល់គោលបំណងរួមគ្នាគឺពង្រឹងការគោរពសីលធម៌វិជ្ជាជីវៈ ធានាការលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ឯកឧត្ដម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូល ហើយកំណត់អំពីនិយាមអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន យកធ្វើជាមូលដ្ឋានដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំងពង្រឹងគុណភាពការងារប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវដោយអនុលោមតាមសិទ្ធិនិងករណីកិច្ចក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីធានាជំនឿទុកចិត្តរបស់សង្គមមកលើសារព័ត៌មាននៅកម្ពុជា៕

Exit mobile version