នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឆ្លើយតបនឹងភាពស្អាត ភាពបៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានរៀបចំយុទ្ធនាការ«កម្ពុជាស្អាត និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» នៅផ្សារធំក្រុងបាត់ដំបង ខេត្ដបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្ដម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រីថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន មន្ទីរបរិស្ថាន អង្គភាពពាក់ព័ន្ធចំណុះខេត្ដបាត់ដំបង យុវជនស.ស.យ.ក. យុវជនកាយរឹទ្ធ និងអាជីវករផ្សារធំ ប្រមាណជាង ១ ៥០០នាក់ នៅថ្ងៃទី ២៣ កញ្ញា ២០២៤ ។
យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ៖១ – រួមចំណែកក្នុងការផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក, ២ – ជំរុញ និងលើកទឹកចិត្តដល់សាលារៀន វត្តអារាម ទីប្រជុំជន និងតាមបណ្ដាទីផ្សារបន្តចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង ៣ – ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន។
ក្នុងអង្គពិធីបានបេ្ដជ្ញារួមគ្នាដោយស្រែកបន្ទោរនូវពាក្យស្លោកព្រមៗគ្នា រួមមាន ៖ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា! ចំនួន ២(ពីរ)ដង, ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ! ចំនួន ២(ពីរ)ដង និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ចំនួន ២(ពីរ)ដង។
តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនកន្រ្ដកដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារធំ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ៕