នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ធាគារភ្នំពេញ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ និងសម្ភារៈឧបទ្ទេស ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា សមាជិក ក្រុមប្រឹក្សាជាតិដើម្បីកុមារ អង្គការដៃគូ មន្ត្រីនៃផ្នែកពាក់ព័ន្ធ ឪពុកម្តាយ អាណាព្យាបាល កុមារ និងយុវជនមកពី ខេត្តបាត់ដំបង ក្រចេះ និងខេត្តព្រៃវែង សរុបចំនួន ១៦២នាក់។
ឯកឧត្តម ជា សុមេធី បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ គឺជាបញ្ហាកុសលដែលពិភពលោកកំពុង តែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បទប់ស្កាត់និងឆ្លើយតប។ ឯកឧត្តមបានបន្តថា «កម្ពុជាយើងបាននិងកំពុងបោះជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅឲ្យកាន់តែប្រសើរឡើនូវការលើកកម្ពស់កិច្ចការពារកុមារ»។ ឯកឧត្តមក៏បានបន្ថែមទៀតថា ដើម្បីជំរុញប្រសិទ្ធភាពនៃការអំពាវនាវរបស់ពិភពលោក និងតំបន់ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងស្ថានភាពគួរឲ្យព្រួយបារម្ភចំពោះមុខ កម្ពុជា បានរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ដើម្បីជាមូលដ្ឋានបង្អែក និងជំរុញការចូលរួមពីក្រសួង ស្ថាប័ន អាជ្ជាធរ និងអង្គភាពពាក់ព័ន្ធ រួមគ្នាទប់ស្កាត់អំពើហិង្សានិងអំពើកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការពន្លឿនដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ឲ្យមានលក្ខណៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ និងបានដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ ៕