នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ រៀបចំកម្មវិធីដាំស្តារព្រៃឈើឡើងវិញ នៅចំណុចភូមិតាហាន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ នៃឧទ្យានជាតិព្រះជ័យរ្ម័ន-នរោត្តម «ភ្នំគូលែន» លើកទី១លើផ្ទៃដី ១,៣៤ ហិកតា ដែលដាំកូនឈើចម្រុះចំនួន ២០០០ដើម ក្នុងគោលបំណង៖ ការពារទីជម្រាល រក្សាបាននូវប្រភពខ្សែរទឹកខាងលើក ការពារនិងអភិរក្សព្រៃឈើ លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងផ្សព្វផ្សាយដល់សាធារណៈជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។
កម្មវិធីនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរបរិស្ថាន តំណាងអាជ្ញាធរជាតិអប្សរា អភិបាលរងស្រុកស្វាយលើ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទក្នុងស្រុកស្វាយលើ ក្រុមប្រឹក្សាឃុំខ្នងភ្នំ មេភូមិតាហាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកស្វាយលើ ដែលមានការគាទ្រពីគម្រោងការបញ្ជាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅ តំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM), អង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន(ADF), អង្គការមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបរិស្ថាន ( SFS) អង្គការសារវន្តពុទ្ធី, សុខ:រីវើឡោញ, ក្រុមហ៊ុនរុក្ខជីវិតប្រណិតធម្មជាតិ ឯ.ក, ក្រុមហ៊ុនទេសចរណ៍ យែមស៍ អ៊ុនធើណេសិនណល (ខេមបូឌា) លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួនប្រមាណ ២៧០រូប ស្រី ៤០រូប។