នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនៃក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពី«ផែនទីបង្ហាញផ្លូវកាត់បន្ថយឧស្ម័នមេតាននៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ និង បណ្ឌិត Kumara និងលោកស្រី Takako Ono តំណាងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល នៃប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិក នៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនចំនួន ៤៣រូប។
សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ បានកំណត់អាទិភាពសំខាន់ៗចំនួន ៣វិស័យ៖ ថាមពល កសិកម្ម និង សំណល់ សកម្មភាពទាំងនេះត្រូវបានចាត់ថ្នាក់ទៅជារយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីធានាបាននូវវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធ និងជាដំណាក់កាលឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ឯកសារនេះនឹងពិនិត្យបញ្ចប់ ដោយមានការផ្តល់ធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធទៅលើវិស័យអាទិភាពដូចបានរៀបរាប់ខាងលើ ដោយក្រុមការងារពិនិត្យមិតិយោបល់ធ្វើការកែលម្អឱ្យកាន់តែគុណភាព និងប្រសិទ្ធភាពសម្រាប់ដាក់ជូនឧត្តមរដ្ឋមន្ត្រីពិនិត្យសម្រេច។ លើសពីនេះ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានដឹកនាំ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលនៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ ឱ្យបានមុន COP29 នាខែវិច្ឆិកានេះ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ៕