KH EMPIRE

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

 

លោក Brice Pedroletti អ្នកសារព័ត៌មាននៃកាសែតបារាំង Le Monde ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានការវាយតម្លៃខ្ពស់ចំពោះការរIកចម្រើនរបស់កម្ពុជា ជាពិសេសលើការគ្រប់គ្រងវិស័យបរិស្ថាន ដែលកន្លងមកមានកិច្ចសហប្រតិបត្តិការល្អ ពីអ្នកពាក់ព័ន្ធ និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ជួយបន្តផ្សព្វផ្សាយព័ត៌មានពិតស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសការអប់រំបរិស្ថានឱ្យបានច្រើន ដើម្បីបង្កើនការចូលរួម លើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានសសរស្តម្ភចំនួន ៣ គឺស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រីកគម្របព្រៃឈើ ឆ្ពោះទៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការផ្សព្វផ្សាយលើវិស័យបរិស្ថានបានច្រើន និងទូលំទូលាយ ឆ្លុះបញ្ជាំងឱ្យឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន ដែលកន្លងមកបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលចាប់ពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មនុស្សជាង៩លាន៥សែននាក់ បានគាំទ្រនិងប្តេជ្ញាចិត្ត មិនប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍។

ជោគជ័យនៃយុទ្ធនាការ បានស្តែងឡើងផងដែរ អំពីការថយចុះនៃចំនួនការនាំចូលថង់ប្លាស្ទិកមកកម្ពុជា។ តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានបង្ហាញថាក្នុងឆ្នាំ២០២៤ ការនាំចូលថង់ប្លាស្ទិកបានថយចុះ៧១,៤ % បើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមគ្រួសារបរិស្ថាន បានបន្តបោះជំហានតទៅមុខទៀត ពីការប្តេជ្ញាចិត្ត មកជាការអនុវត្តជាក់ស្តែងនោះគឺ យុទ្ធនការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុងស្រុក បានចូលរួមចំណាយពេលវេលារើសសំរាម សំអាតបរិស្ថាននៅជុំវិញមូលដ្ឋាន ការប្រមូល ការគ្រប់គ្រង និងការទុកដាក់ឱ្យបានត្រឹមត្រូវ។
លទ្ធផលសម្រេច បានក្នុងភាពស្អាតលើដែនគោក បានជំរុញការលើកទឹកចិត្ត ឱ្យមានភាពស្អាតនៅក្នុងដែនទឹក និងភាពស្អាតក្នុងដែនអាកាស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានបន្តលើកទឹកចិត្តជំរុញការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវផេនការមួយ ដែលគ្មានថង់ប្លាស្ទិកនៅតាមដងផ្លូវ នាឆ្នាំ២០២៥ខាងមុខនេះ។ ក្រសួងបរិស្ថាន កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំវិធីសាស្រ្តរបស់ខ្លួន ឆ្ពោះទៅការទុកដាក់និងគម្រប់គ្រងសំណល់ ប្លាស្ទិកឱ្យបានត្រឹមត្រូវ ផ្តល់ធុងសំរាមដល់មូលដ្ឋាន សាលារៀន មន្ទីរពេទ្យ និងជំរុញឱ្យមានការវិនិយោគលើការទុកដាក់ កែច្នៃ និងប្រើប្រាស់សំណល់ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងឱកាសជួបជាមួយអ្នកកាសែត Le Monde ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកថា ក្រសួងបរិស្ថានបានដាក់ចេញការអនុវត្តច្បាប់១០០% ចំពោះជនល្មើស ហើយក្រសួងបរិស្ថានមានមេធាវីប្រចាំការ ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តច្បាប់គ្រប់ពេលវេលា។ ក្រៅពីមេធាវីរបស់ក្រសួង ក្រសួងយុត្តិធម៌ បានផ្តល់ជូនមន្រ្តីជាន់ខ្ពស់១រូបទៀតដើម្បីជួយដោះស្រាយបញ្ហាផ្លូវច្បាប់។ លើសពីនេះ គណៈបញ្ចាការឯកភាពខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ កងយោធពលខេមរភូមិន្ទ មានបញ្ចាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាខ្នងបង្អែកគាំទ្រ ដល់ការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានថែមទៀត។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការគាំទ្រនិងផ្តល់ផែនទី តំបន់ការពារធម្មជាតិ មានផែនទីពីផ្កាយរណប ដល់រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ដើម្បីធ្វើការការពារនិងអន្តរាគមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថាន កន្លងមកបានប្រគល់ជូនដ្រូន ដល់មន្រ្តីឧទ្យានុរក្ស ដើម្បីងាយស្រួលចុះ ជួយពង្រឹងការទប់ស្កាត់ធ្វើយ៉ាងណាធនធានធម្មជាតិ របស់យើងដែលមានស្រាប់មិនឱ្យបាត់បង់។ លើសពីនេះ ក៏ជំរុញពង្រីកវិសាលភាពគម្របព្រៃឈើកម្ពុជា ឱ្យកើនឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ក្នុងកន្លងមក មន្ទីរបរិស្ថានទាំងអស់ បានបង្ហាញសន្តានចិត្តបណ្តុះកូនឈើ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ បានចំនួន១លាន៣សែន ដើម នៅក្នុងយុទ្ធនាការបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ជាប្រវត្តិសាស្រ្ត។ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ បន្ថែមចំនួន៥កន្លែង ហើយយើងអាចផលិតកូនឈើ ប្រមាណ១០លានដើម ចាប់ពីឆ្នាំ២០២៦តទៅ៕

Exit mobile version