KH EMPIRE

ឯកឧត្តម ស៊ុ ធី អញ្ជើញថ្លែងសុន្ទរកថាបើកពិធីកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្ដីពី ការប្រែប្រួលអាកាសធាតុនិងការធ្វើចំណាកស្រុក

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកនៅក្នុងពិធីកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្ដីពី ការប្រែប្រួលអាកាសធាតុនិងការធ្វើចំណាកស្រុក។

ការរួមបញ្ចូលការធ្វើចំណាកស្រុកដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុទៅក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលកិច្ចសន្ទនានេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊្វែរហ្វៀល បាយ ម៉ារៀតភ្នំពេញ។ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោក ស៊ីម ទូច ប្រធានការិយាល័យនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ក៏បានចូលរួមអមក្នុងកិច្ចសន្ទនានេះ រួមជាមួយនឹងអ្នកចូលរួមមកពីអន្តរក្រសួងនិងស្ថាប័នជាតិ តំណាងដៃគូកម្មវិធីពន្លកចំណេះដឹង ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា សកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ តំណាងអង្គការជាតិ អន្តរជាតិ និងសង្គមស៊ីវិល និងអ្នករៀបចំកម្មវិធីនិងបុគ្គលិកវិទ្យាស្ថានCDRI សរុបចំនួន៥៥រូប។

កិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិនេះមានគោលបំណង៖ ១) បង្ហាញពីលទ្ធផលនៃកិច្ចការស្រាវជ្រាវនៅថ្នាក់ឃុំក្នុងខេត្តបីគឺ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរីពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងលំនាំនៃការធ្វើចំណាកស្រុក និងពិភាក្សាអំពីកិច្ចអន្តរាគមន៍គោលនយោបាយ ២) ជំរុញឱ្យមានការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗដើម្បីដោះស្រាយបញ្ហាការធ្វើចំណាកស្រុកដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុ ៣) ស្វែងយល់ពីការរួមបញ្ចូលការគិតគូរពីការធ្វើចំណាកស្រុកទៅក្នុងគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល ៤) បង្កើតជាវេទិកាមួយសម្រាប់កិច្ចពិភាក្សារួមរវាងភាគីពាក់ព័ន្ធចម្បងៗ ស្តីពីការធ្វើចំណាកស្រុកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងកិច្ចអន្តរគមន៍អន្តរវិស័យ។

ជាលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយនេះរួមមាន៖
– ទទួលបានការយល់ដឹងពីអន្តរទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ ការប៉ះពាល់បរិស្ថាន និងការធ្វើចំណាកស្រុកនៅក្នុងតំបន់ដែលបានធ្វើការសិក្សា។
– បានយល់ដឹងពីគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិដើម្បីដោះស្រាយការធ្វើចំណាកស្រុកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
– ការចងក្រងអនុសាសន៍គោលនយោបាយដែលអាចអនុវត្តបាន ដើម្បីដោះស្រាយបញ្ហាការធ្វើចំណាកស្រុក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
– ការគិតគូរការបញ្ចូលបរិយាប័ន្នសង្គម ការធ្វើចំណាកស្រុក យេនឌ័រ ជនពិការ ជនជាតិភាគតិចនិងជនងាយរងគ្រោះ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយគួរត្រូវបានដាក់បញ្ចូលក្នុងការរៀបចំផែនការរួមចំណែករបស់ជាតិលើកទី៣ (NDC 3.0)។
– ការសិក្សាស្រាវជ្រាវ គួរមានលក្ខណៈទូលំទូលាយ និងផ្តោតលើផ្នែកផ្សេងៗទៀត ដើម្បីផ្ដល់ជាអនុសាសន៍សម្រាប់ការរៀបចំគោលនយោបាយឆ្លើយតបនឹងតម្រូវការនៃជនរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។
– នៅក្នុងកិច្ចសន្ទនានេះ លោកស្រី ឃ្លោក វិចិត្ររដ្ឋា ក៏បានចូលរួមជាវាគ្មិន ដោយបានចែករំលែកនូវព័ត៌មានទាក់ទងនឹងគោលនយោបាយ ផែនការសកម្មភាពដែលរួមចំណែកដល់ការដោះស្រាយបញ្ហានៃការធ្វើការចំណាកស្រុក ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធភាពនៃការអនុវត្តផែនយុទ្ធសាស្រ្ត ផែនការសកម្មភាពដែលជួយដល់ការកាត់បន្ថយការធ្វើចំណាកស្រុកដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងជួយដល់ការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះការអនុវត្តសកម្មភាពNDC LTS4CN យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននឹងចូលរួមដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ធានាបានភាពធន់ ចីរភាព និងកាត់បន្ថយនូវការធ្វើចំណាកស្រុក។ ភាពស្អាត ភាពបៃតង និងចីរភាព ជាមូលដ្ឋានជំរុញវិស័យទេសចរ សហគមន៍ទេសចរធម្មជាតិ ធានាបាននូវភាពធន់ បង្កើនជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយចំណាកស្រុក ៕

Exit mobile version