KH EMPIRE

លោកជំទាវ ងិន លីណា អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី KUNLEN MOUNTAIN TREK RUN SEASON3 នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី KUNLEN MOUNTAIN TREK RUN SEASON3 ដែលបានសហការរៀបចំដោយអង្គការGREENG8 និងក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរ(សុខាភិបាល ព័ត៌មាន បរិស្ថាន ទេសចរណ៍ អប់រំ) អាជ្ញាធរអប្សរា សមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប សមាគមក្លិបទេសចរណ៍សៀមរាប សិស្សនិស្សិត និងអ្នកសារពត៌មាន សរុបប្រមាណជាង៤០នាក់។

កម្មវិធី KULEN MOUNTAIN TREK RUN SEASON3 នឹងប្រពឹត្តទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅស្នាក់ការឧទ្យានុរក្សកេសរកូលសុខអានភ្នំគូលេន ជាព្រឹត្តិការណ៍រត់ប្រណាំងពីស្នាក់ការ ឆ្ពោះឡើងលើភ្នំគូលេន ដែលឆ្លងកាត់តាមទីកន្លែងទេសចរណ៍ធម្មជាតិសំខាន់ៗនៃឧទ្យានជាតិភ្នំគូលេន ក្នុងគោលបំណង៖ (១)លើកស្ទួយទេសចរណ៍ធម្មជាតិ និងសហគមមូលដ្ឋាន (២)ជំរុញការថែរក្សាបរិស្ថាន និង(៣)ចូលរួមគាំទ្រកុមារកម្ពុជាតាមរយៈការបរិច្ចាកថវិកាទៅពេទ្យកុមារអង្គរ។

លោកជំទាវបានលើកឡើងថា ព្រឹត្តិការណ៍រត់ប្រណាំងឡើងលើភ្នំគូលេន(ឧទ្យានជាតិ)នេះ បានចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចគាំពារបរិស្ថាន តាមរយៈការចូលរួមជាកម្លាំងកាត់បន្ថយការប្រើប្រាស់ និងលុបបំបាត់បញ្ហាប្លាស្ទិក ដែលជាបញ្ហាដល់សុខភាពសាធារណៈនិងជីវៈចម្រុះ និងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើម្បីកម្ពុជាបរិស្ថានស្អាត។

ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះនឹងលើកកម្ពស់ការស្វែងយល់ពីតំបន់អេកូទេសចរណ៍ និងសារៈសំខាន់នៃក្នុងតំបន់ការពារធម្មជាតិ ជួយបណ្តុះផ្នត់គំនិតអ្នកចូលរួមឱ្យស្រលាញ់ធម្មជាតិ ដែលជាជម្រកសត្វ ជីវៈចម្រុះ និងជួយដល់បរិយាកាសបរិសុទ្ធ ដូចដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តជាជំហានៗ នូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយដាក់ចេញនូវសសរស្តំបីៈ គឺភាពស្អាត ភាពបៃតង និងចីរភាព ។ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ជាសកម្មភាពជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលជួយជំរុញ ភាពស្អាត នៅក្នុង«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» តាមរយៈការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាននាក់ និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥ លាននាក់ ៕

Exit mobile version