KH EMPIRE

បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំ ខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់

ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញជាង១១០០០នាក់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ញ៉ាំងឲ្យពិធីនេះក្លាយជាការប្រមូលផ្តុំ និងបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏ស្វាហាប់របស់យុវជន នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ ការជួបជុំរបស់កងទ័ពជំរំទេវតា នាពេលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សុភមង្គល និងក្នុងដំណើរឆ្ពោះទៅមុខលើមូលដ្ឋាននៃជោគវាសនារួមគ្នាតែមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងក្រុមការងារយុវជន គណបក្សរាជធានី នៅក្នុងការបំពេញតួនាទី និងភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងអនុវត្តរបស់គណបក្ស ដែលបានប្រគល់ជូន រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរជាទីមោទនៈ រួមមាន៖ ការងារកែសម្រួលរចនាសម្ព័ន្ធ-អង្គការចាត់តាំង,ការងារពង្រឹងសមាសភាពក្រុមការងារយុវជនគ្រប់ថ្នាក់ និងគ្រប់ផ្នែក, ការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការងារមហាជន ដោយក្នុងនេះ មានការចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន ស្របតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងអំពី វឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ ពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាកម្លាំងបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដែលរាជធានីភ្នំពេញ ទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក្នុងនោះ យុវជន គឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំ ខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោត ក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់ នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋ របស់ថ្នាក់ដឹកនាំ គណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕

Exit mobile version