KH EMPIRE

កិច្ចប្រជុំលើកទី៩ ក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ នៅទីស្ដីការក្រសួងបរិស្ថាន

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានបើកនិងដឹកនាំកិច្ចប្រជុំលើកទី៩ ក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ដោយមានការចូលរួមពីលោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង សមាជិកក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ដែលមានសមាសភាពពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍សរុបចំនួន ២០រូប។

កិច្ចប្រជុំនេះមានគោលបំណង (១) ពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការបន្តនៃក្រុមការងារបច្ចេកទេស (២) ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងតួនាទីភារកិច្ចក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ទៅជាក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព និង(៣) ចែករំលែកពីការអនុវត្តល្អៗនៃការអនុវត្តគម្រោងថាមពលនិរន្តរភាពនៅកម្ពុជា។

កិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១- ក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង និងជាសមាជិកក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញ (ក) វឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេស ចាប់ពីកិច្ចប្រជុំលើកដំបូងនៅក្នុងឆ្នាំ២០១៩ រហូតមកដល់កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៩ នាថ្ងៃនេះ (ខ) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព ដែលនឹងត្រូវធ្វើការកែសម្រួលមកពីក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និង(គ) ដៃគូអភិវឌ្ឍន៍មានដូចជា អង្គការ UNDP, GGGI និងEnergyLab ក៏បានចូលរួមចែករំលែកករណីសិក្សាសំខាន់ៗ ដែលពាក់ព័ន្ធនិងថាមពលនិរន្តរភាព។

២- អង្គប្រជុំបានចូលរួមផ្តលយោបល់យ៉ាងផុសផុល ទៅលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព ដែលមាន ៣ (បី)ជំពូក និង ៦ (ប្រាំមួយ)មាត្រា និងបានស្នើឱ្យក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតងបន្ថែម ១ (មួយ)មាត្រាថ្មី អំពីការកំណត់វិសាលភាពរបស់ក្រុមការងារបច្ចេកទេស ក៏ដូចជាកំណត់អំពីនិយមន័យនៃពាក្យគន្លឺះរបស់ចំណងជើងក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព ៕

៣- អង្គប្រជុំបានក៏បានស្នើឱ្យក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតងពិនិត្យលើការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព ដោយដៃគូអភិវឌ្ឍន៍ស្នើឱ្យធ្វើការគិតគូរពីការចូលរួម និងតួនាទីរបស់ដៃគូអភិវឌ្ឍន៍ នៅក្នុងក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព។

៤- ក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតងនឹងដាក់បញ្ជូនឯកសារសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមការងារបច្ចេកទេសថាមពលនិរន្តរភាព ក្នុងតេឡេក្រាមក្រុមការងារ ដើម្បីអាចឱ្យសមាជិកក្រុមការងារពិនិត្យ និងផ្តល់យោបល់បន្ថែម ដើម្បីបញ្ចប់សេចក្តីព្រាងសេចក្តីសម្រេចនេះប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ៕

Exit mobile version