KH EMPIRE

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យម្ចាស់បុរីទាំងឡាយបញ្ឈប់ការរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់ ព្រោះការរឹបអូសបង្កើតការឈឺចាប់ណាស់សម្រាប់អ្នកបង់រំលស់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះដែរ​សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យម្ចាស់បុរីទាំងឡាយបញ្ឈប់ការរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់ និងបង្កើតការឈឺចាប់សម្រាប់អ្នកដែលត្រូវបានគេរឹបអូស។

សម្ដេចតេជោបានមានប្រសាសន៍ថា៖ « ខ្ញុំអំពាវនាវសាជាថ្មី ចំពោះអ្នកដែលជាម្ចាស់លក់ផ្ទះទាំងអស់ដែលត្រៀមរឹបអូសផ្ទះអ្នកណាក៏ដោយ ឈប់សិន និយាយគ្នា ផ្អាកត្រឹមប៉ុណ្ណឹង កុំមានការរឹបអូសតទៅទៀត ថ្ងៃនេះ ឬ ថ្ងៃស្អែក ចាប់ពីម៉ោងដែលទទួលនៅសាររបស់ខ្ញុំ ហើយវិធីមានតែមួយទេ គឺរៀបចំឥណទានឡើងវិញ ដោយសារតែបញ្ហាកូវីដ សង្រ្គាមនៅអ៊ុយក្រែន ធ្វើ​ឱ្យប៉ះពាល់ដល់កត្តានៃប្រាក់ចំណូលក្នុងប្រទេសស្ទើរគ្រប់ពិភពលោក រួមទាំងកម្ពុជា ចឹងហើយសុំឱ្យយោគយល់កន្លែងហ្នឹង បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ឯអ្នកដែលទិញក៏ត្រូវតែមានការទទួលខុសត្រូវ សងគេ តែគេគ្រាន់តែកាត់បន្ថយថាមួយខែ ៥០០ដុល្លារ ឱ្យមកនៅ ៣០០ដុល្លារ តែត្រូវតែបង់ កុំអាងតែនាយករដ្ឋមន្រ្តីនិយាយចឹង មិនខ្ចីបង់ ក៏អត់បានដែរ »។

សម្ដេចតេជោ បានបន្ថែមថា៖ «ការរឹបអូសនេះ គឺវាឆៅពេក ផ្ទះតម្លៃ ១០ម៉ឺនដុល្លារ បង់បាន ៥ម៉ឺនដុល្លារហើយ រឹបអូសគ្រឹប ចឹង ៥ម៉ឺនដែលខំសន្សំតាំងពីណាតាំងពីណីមក បាត់អស់រលីង ចឹងទេយើងចង់ដឹងថាបុរីមួយៗ រឹបអូសផ្ទះគេបានលុយប៉ុន្មាន ព្រោះជួនកាលយកលុយដែលរឹបអូសគេបាន ទៅធ្វើជាអ្នកមាន បង្កើតបានជាទឹកភ្នែកអ្នកដែលត្រូវគេរឹបអូស ទឹកភ្នែកទាំងប្រពន្ធ ទាំងប្ដី ទាំងឪពុកម្ដាយ ទាំងកូន ទាំងចៅ ចឹងសង្ឃឹមថា ថ្ងៃនេះជាថ្ងៃបញ្ជូនសារជាក់លាក់ ដើម្បីឱ្យពីនិត្យមើលបញ្ហានេះ »៕

Exit mobile version