KH EMPIRE

ឯកឧត្តម អ៊ាង សុផល្លែត ៖ រួមសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ផ្តល់ប្រយោជន៍ ដល់ការបន្តអភិវឌ្ឍមូលដ្ឋាន

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ការរួមសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ដឹងពីគុណធម៌ និងសីលធម៌រស់នៅល្អ ផ្តល់ប្រយោជន៍ សំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង៥០០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ការចូលរួមទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបង្ហាញឱ្យឃើញពីការរួមសហការគ្នាដើម្បីការពារនូវផលប្រយោជន៍ជាតិមាតុភូមិ បន្តការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិ។

ឯកឧត្តម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលជួបការលំបាក កម្មករ កម្មការីនី ឱ្យទទួលបានកិច្ចគាំពារសង្គម ទាំងក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ និងការទទួលរងនូវវិបត្តិពិភពលោក។

ជាមួយគ្នានេះក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជំរុញបន្ថែមការផ្តល់នូវអាទិភាពដល់ប្រជាពលរដ្ឋឱ្យទទួលបានការអប់រំការតែប្រសើរ មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង មានទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ តាមខ្នងផ្ទះក្នុងមូលដ្ឋាន។

ចំពោះស្រុកអូររាំងឪ កន្លងមកនេះ ក្រុមការងារចុះមូលដ្ឋាន បានសហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ អនុវត្តនូវផែនការស្តារជួសជុលផ្លូវ នៅតាមទីប្រជុំជន និងភូមិនានា ផ្តល់នូវអណ្តូងទឹកស្អាត និងម៉ាសុីនចម្រោះទឹកតាមសាលារៀន និងតាមទីវត្តអារាមជាបន្តបន្ទាប់ បាននឹងកំពុងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវក្នុងភូមិ និងតាមខ្នងផ្ទះជាច្រើនកន្លែង និងផ្តល់នូវការគាំទ្រធនធានមនុស្ស តាមរយៈការលើកទឹកចិត្តសិស្សដែលរៀនពូកែ និងការសាងសង់អគារសិក្សាតាមសាលារៀនបន្ថែមទៀត ។

ជាមួយនឹងសមិទ្ធផលជាច្រើនកន្លងមកនេះ ឯកឧត្តមប្រធានក្រុមការងារ បានបន្តឱ្យប្រជាពលរដ្ឋគាំទ្របន្ថែមទៀតដល់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតក្នុងមូលដ្ឋានស្រុកអូររាំងឪឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា  ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ បានចែកសម្ភារៈមួយចំនួនដល់ប្រជាពលរដ្ឋចូលរួមផងដែរ ៕

Exit mobile version