KH EMPIRE

សមត្ថកិច្ច ចាប់ខ្លួនមេដឹកនាំគណបក្សភ្លើងទៀន២នាក់ ដែលធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News។

សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូបនេះ រួមមានទី១៖ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់។

ការនាំខ្លួនសមាជិកនេះ ធ្វើឡើងដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការឃាត់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ។ បន្ទាប់ពីធ្វើការសាកសួរចម្លើយហើយ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមច្បាប់។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕

Exit mobile version