KH EMPIRE

ថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត, សម្ដេច ម៉ែន សំអន បន្តដឹកនាំក្រុមការងារគណបក្ស បង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សជាង៧០០នាក់ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅថ្ងៃទី១៥ នៃឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្សជាង៧០០នាក់ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងថា សមាជិក សមាជិកាគណបក្សត្រូវជឿជាក់លើគណបក្សប្រជាជន និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងចុងបញ្ចប់នៃកម្មវិធីសម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀនសមាជិក សមាជិកាបក្សឱ្យចេះគូសសន្លឹកឆ្នោតផងដែរ៕

Exit mobile version