ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ដំណើរការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌» ដឹកនាំដោយលោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយមានការចូលរួមពីលោក យស បញ្ញារិទ្ធ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ តំណាងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីពាក់ព័ន្ធ ក្រោមចំណុះរដ្ឋបាលខេត្តកំពង់ធំ សរុបចំនួន៣៣នាក់។
ក្នុងពិធីបើកសិក្ខាសាលា លោកអគ្គនាយករងបានផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងបានលើកឡើងជូនអង្គពិធីនូវសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងបរិស្ថាន ជាពិសេសបានរៀបចំ«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដោយផ្តោតលើមុំបីជាសំខាន់ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែលមានទិដ្ឋភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន។
នៅក្នុងដំណើរការអង្គសិក្ខាសាលា លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌបានធ្វើបទបង្ហាញស្តីពី«សារៈសំខាន់នៃការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ» ដោយបានពន្យល់បកស្រាយ និងលើកជាសំណួរ-ចម្លើយគន្លឹះៗសំខាន់ៗ ដើម្បីសិក្ខាកាមបានស្វែងយល់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងទៅនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងគង់វង្ស។
ជាមួយគ្នានោះដែរអង្គសិក្ខាសាលា បាន លើកយករមណីដ្ឋានវប្បធម៌ និងធម្មជាតិ គឺ ភ្នំស្រួច ភ្នំសន្ទុក និងភ្នំស្រះខ្ចៅ ស្ថិតនៅក្នុងឃុំកកោះ និងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មកពិនិត្យ និងពិភាក្សាក្នុងការកំណត់សត្តានុពលជាបឋម ដើម្បីស្នើសុំរៀបចំបង្កើត ជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌។
ជាលទ្ធផលអង្គសិក្ខាសាលាទទួលបានដូចខាងក្រោម៖
១)-បានគាំទ្រការដាក់បញ្ចូលភ្នំស្រួច ភ្នំសន្ទុក និងភ្នំស្រះខ្ចៅ ដើម្បីរៀបចំបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌។
២)-បានស្នើឱ្យបញ្ជាក់ខ្លឹមសារនៅក្នុងកំណត់ហេតុ និងរបាយការណ៍ ដោយស្នើឱ្យរដ្ឋបាលខេត្តកំពង់ធំរៀបចំក្រុមការងារថ្នាក់ខេត្ត ដើម្បីដំណើរការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌។
៣)-បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ធំ ត្រូវធ្វើលិខិតជាផ្លូវការជូនក្រសួងបរិស្ថាន ដើម្បីស្នើគាំទ្របច្ចេកទេស នីតិវិធីនៃដំណើរការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌។