KH EMPIRE

លោក Pita ថានឹងដកខ្លួនពីការប្រជែងយកតំណែង នាយករដ្ឋមន្ត្រី បើបរាជ័យជាថ្មី ក្នុងការបោះឆ្នោតនៅសប្ដាហ៍ក្រោយ

(បាងកក)៖ បេក្ខជននាយករដ្ឋមន្ត្រីថៃនៃក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward លោក Pita Limjaroenrat បាននិយាយថាលោកនឹងដកខ្លួនចេញពីការប្រជែង យកតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជុំទី២ នៅសប្ដាហ៍ក្រោយទេនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃសៅរ៍នេះ លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើច្បាស់ថាគណបក្ស Move Forward ពិតជា គ្មានឱកាសដើម្បីបង្កើតរដ្ឋាភិបាលបានទេ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ឱកាសឱ្យប្រទេសថៃ តាមរយៈការទុកឱ្យគណបក្សទទួលបានសំឡេងគាំទ្រច្រើន លំដាប់ទី២ (គណបក្សភឿថៃ) …ជាអ្នកបង្កើតក្រុមចម្រុះ»។

គួរបញ្ជាក់ថា លោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ នៅក្នុងការបោះឆ្នោតមួយនៅសម័យប្រជុំរួម នៃរដ្ឋសភាថៃ ដែលមានសមាជិក ៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក ២៤៩នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាកន្លងទៅនេះ។

លោក Pita ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣ សំឡេង គាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រចំនួន ៣៧៥សំឡេង ដែលជា សំឡេងភាគច្រើន ក្នុងចំណោមអាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភា និងព្រឹទ្ធសភា) សរុបចំនួន ៧៤៩នាក់ ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយ តំណាងរាស្រ្តថៃសរុប មានអាសនៈ៧៥០ ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេងភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។

ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅថ្ងៃពុធ ទី១៩ ខែកក្កដា សប្ដាហ៍ក្រោយនេះ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមាន បេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕

Exit mobile version