KH EMPIRE

យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កំពុងអនុវត្តន៍យ៉ាងផុសផុល តាមសាលារៀនជាច្រើន (មានវីដេអូ)

កាលពីថ្ងៃទី១ ដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីបរិស្ថាន ចាប់ផ្តើមផ្សព្វផ្សាយជំរុញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។

យុទ្ធនាការនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនទាំង ៤៤ ដែលក្នុងនោះមានសិស្សសរុបចំនួនជាង ១,៨០០០នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះផងដែរ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏បានចាប់ផ្តើមបន្តចូលរួមអនុវត្ត នៅតាមបណ្តាសាលារៀន ក្នុងស្រុក និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។  «ក្នុងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាល​ជ្រៅជាទី​បំផុត​ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងក្មួយៗជា​ទី​ស្រលាញ់​ទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»។

នេះជាការពាក្យពេចន៍ថ្លែងអំណរគុណប្រកបដោយក្តីរីករាយរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ដែលយុទ្ធនាការនេះបានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន ចាប់ពីពេលនេះយ៉ាងយកចិត្តទុកដាក់។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការចូលរួមរបស់របស់ថ្នាក់ដឹកនាំសាលា លោក​គ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នឹងជួយធ្វើឱ្យបរិស្ថានប្រទេសស្រស់ស្អាត គ្មានជាតិ​ពុល ដែលជាទីមនោរម្យសម្រាប់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះផងដែរ លោកបានសង្កត់ធ្ងន់ថា ការរួមចំណែក របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ កាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ពី១ថ្ងៃ ឬ២ថ្ងៃ ក្នុង១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានរាប់លានថង់។បើទោះបីជាយ៉ាងណាលោករដ្ឋមន្ត្រី បន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូ មេត្តាជួយ​ជំរុញ​យុទ្ធ​នា​ការនេះឱ្យបានកាន់តែផុលផុសថែមទៀត។ លោក បានបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក “ ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង” ទៅថ្ងៃអនាគតផងដែរ៕





Exit mobile version