KH EMPIRE

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជួបពិភាក្សាអំពីការលើកកំពស់ជីវភាពប្រពលរដ្ឋ និងការទប់ស្តាត់សំណល់ប្លាស្ទិក នៅកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Alissar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Alissar Chaker បានអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៧ និងបានជម្រាបជូននូវកម្មវិធីសំខាន់ៗ ដែលបាននិងកំពុងសហការជាមួយក្រសួងបរិស្ថាន ក្នុងនោះរួមមានកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា គម្រោងការទប់ស្តាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ UNDP ក៍មាន និងកំពុងរៀបចំកម្មវិធីសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៩ ដែលផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍ តាមរយៈគម្រោង REDD និងការប្រែប្រួលអាកាសធាតុ ដែលនឹងបន្ស៊ីគ្នាជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកស្រីបានបញ្ជាក់ជាថ្មីថា UNDP នឹងបន្តសហការជាមួយក្រសួងបរិស្ថានបន្ថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសពិភាក្សាលើកាងារ បន្ទាប់ពីបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដាក់កាលទី៣ ។


ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូបន្ថែមទៀតលើយុទ្ធសាស្រ្តចំបងៗរបស់ក្រសួង ដើម្បីសម្រេចបានការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរៀបចំយុទ្ធសាស្រ្តរួម ដើម្បីកិច្ចការពារបរិស្ថាន និងលើកកំពស់ជីវភាពប្រពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី លើកបញ្ចាក់ពីការងារអទិភាពរបស់ក្រសួង ជាពិសេស គីការបង្កើតរបៀងអេកូទេសចរណ៍វប្បធម៍ ផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀតនៃតំបន់ការពារ ការបង្កើនគម្របព្រៃ តាមរយៈការដាំឈើ ដែលក្រសួងមានមហិច្ចតាផ្តល់កូនឈើ១លានកូនដល់ប្រពលរដ្ឋក្នុង១ឆ្នាំ សម្រាប់ដាំដុះដោយមិនគិតថ្លៃ។ បច្ចុប្បន្ន ក្រសួងកំពុងបើកយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ដែលមានការអបអរសាទរ និងចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋ។

Exit mobile version