KH EMPIRE

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

(កំពង់ឆ្នាំង)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ត្រូវបង្កើននូវការដាំដុះបន្ថែមទៀតនូវផលិតផលកសិកម្ម ដែលជាផ្នែកមួយសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃផង និងអាចយកទៅលក់ដើម្បីបង្កើតចំណូលប្រចាំថ្ងៃផង ការពឹងផ្អែកតែលើអនុផលព្រៃឈើតែមួយមុខ មិនអាចធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានធូរធានោះទេ យើងគួរគប្បីបន្ថែមផ្នែកសេវាទេសចរណ៍ និងកសិផលបន្ថែមទៀត ទើបចំណូលប្រជាពលរដ្ឋមានច្រើនច្រក។

ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ធ្វើឡើងក្នុងពេលទស្សនកិច្ចនូវសមិទ្ធផល និងផែនការអភិវឌ្ឍន៍នៅសហគមន៍តំបន់ការពារធម្មជាតិស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីស្ថានភាពទីតាំងភូមិសាស្ត្រ និងស្ថានភាពផ្លូវថ្នល់របស់សហគមន៍តំបន់ការពារធម្មជាតិទាំង៦ ដែលថ្លែងឡើងដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្កកំពង់ឆ្នាំងរួចមក លោក អ៊ាង សុផល្លែត បានបង្ហាញការគាំទ្រទាំងស្រុងលើការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ហើយក៏បានថ្លែងនូវការកោតសសើរដល់អភិបាលខេត្តដែលមានគំនិតផ្តួចផ្តើម និងរួមចំណែកធ្វើឱ្យបានលេចចេញជាសមិទ្ធផលឡើង។ លោករដ្ឋមមន្ត្រីបានបញ្ជាក់ថា ការរៀបចំផ្លូវថ្នល់ ប្រព័ន្ធទំនាក់ទំនង ចំណតភ្ញៀវទេសចរណ៍ ពិតជាចំណែកជួយសហគមន៍ទាំង៦ ឱ្យមានការតភ្ជាប់គ្នា ប្រកបដោយភាពទាក់ទាញទេសចរណ៍ តាមរយៈការទស្សនាធនធានធម្មជាតិដែលមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រជាសហគមន៍ត្រូវបង្កើននូវការដាំដុះបន្ថែមទៀតនូវផលិតផលកសិកម្ម ដែលជាផ្នែកមួយសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃដែលអាចកាត់បន្ថយការចំណាយផង និងអាចបង្កើតចំណូលប្រចាំថ្ងៃផងដែល។ លោកថា «ការពឹងផ្អែកតែលើអនុផលព្រៃឈើតែមួយមុខ មិនអាចធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានធូរធានោះទេ គួរគប្បីបន្ថែមផ្នែកសេវាទេសចរណ៍ទៀតទើបចំណូលប្រជាពលរដ្ឋមានច្រើនច្រក»។ លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ការប្រែក្លាយសហគមន៍តំបន់ការពារ មកជាការផ្តល់សេវាកម្មទេសចរណ៍ គឺជាការចូលរួមចំណែកធ្វើឱ្យមានភាពអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ឆ្ពោះទៅសេដ្ឋកិច្ចចក្រា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជដ្ឋាភិបាលនីតិកាលទី៧៕

Exit mobile version