KH EMPIRE

សេចក្តីបដិសេធ ចំពោះការផ្សាយព័ត៌មានបំភ្លៃបំផ្លើស របស់ទណ្ឌិត អ៊ឹង លីប៉េង

មានការផ្សព្វផ្សាយព័ត៌មាន និងការអត្ថាធិប្បាយបំភ្លៃបំផ្លើសគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឡើងដោយអំពើចេតនាទុច្ចរិត ញុះញង់ក្នុងភាពអវិជ្ជមាន ទៅលើឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្កឡើងដោយទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង និងបក្ខពួក ។

ទណ្ឌិត អ៊ឹង លីប៉េង បច្ចុប្បន្នកំពុងរត់គេចខ្លួន ពួនអាត្មា មិនទាន់បានអនុវត្តទោសចប់សព្វគ្រប់តាមកាលកំណត់នៅឡើយ ត្រូវបានតុលាការកំពុងស្វែងរកមុខ យកមកអនុវត្តតាមនីតិវិធីច្បាប់ ដែលទណ្ឌិតម្នាក់នេះ និងបក្ខពួក បានឃោសនា ប្រឌិតរឿង ប្រមាថ កំរាមកំហែង បរិហារបង្កាច់កេរ្តិ៍ឈ្មោះ អ្នកដទៃ បង្កឱ្យមានការយល់ច្រឡំពីមហាជន និងញុះញង់ឲ្យមានការរើសអើងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ទើបមេធាវីតំណាងដោយអាណត្តិរបស់ឯកឧត្តម អ៊ាង សុផល្លែត ឈ្មោះ ជ្រ គីមហេង បានអំពាវនាវ ដល់សារធារណជន និងអ្នកសារព័ត៌មាន ជាតិ អន្ដរជាតិ មេត្ដាជ្រាបជាព័ត៌មាន ចៀសវាងមានការយល់ច្រឡំ។

ក្នុងលិខិតរបស់លោកមេធាវី ជ្រ គីមហេង បានរៀបរាប់ ដូចមានក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ ក្នុងបណ្ដឹងរបស់កូនក្ដីនៅតុលាការ រាប់ពីសាលាដំបូង រហូតដល់តុលាការកំពូល បានសម្រេចឱ្យកូនក្ដីរបស់ខ្លួនឈ្នះគ្រប់ជាន់ថ្នាក់ ដែលបានបញ្ជាក់ពីភាពត្រឹមត្រូវ ស្អាតស្អំ ផ្តល់យុត្តិធម៌ និងច្បាប់បានការពារដល់រូបឯកឧត្តម អ៊ាង សុផល្លែត ដែលជាជនរងគ្រោះ និងបានផ្ដន្ទាទោស ឈ្មោះ អ៊ឹង លីប៉េង ផងដែរ។

ស្ថិតក្នុងនិន្នាការដែលកម្ពុជា និងសកលលោក កំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោកមេធាវី សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ រួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ដែលទណ្ឌិត អ៊ឹង លីប៉េង ប្រឌិតឡើងក្នុងចេតនាទុច្ចរិតដោយងងឹតងងល់ ៕

Exit mobile version