ក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការវិភាគយេនឌ័រ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារណូវូតេល ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន សហការរៀបចំជាមួយអង្គការ UNDP និងអ្នកជំនាញពី ADB។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារ មន្រ្តីនៃអង្គភាពចំណុះក្រសួងបរិស្ថាន និងសមាជិកក្រុមការងារទទួលបន្ទុកយេនឌ័រនៃមន្ទីរបរិស្ថានរាជធានី ខេត្ត សរុប ៩០នាក់។
សិក្ខាសាលា រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពក្រុមការងារ និងមន្រ្តីអង្គភាពចំណុះក្រសួងមានលទ្ធភាពក្នុងការស្វែងរក និងកំណត់បានពីបញ្ហាពាក់ព័ន្ធយេនឌ័រ និងផលប៉ះពាល់នៃភេទទៅលើកិច្ចការងារផ្សេងៗ ដើម្បីអាចបង្កើតនូវដំណោះស្រាយតាមវិស័យជំនាញកាន់តែមានប្រសិទ្ធភាព សមធម៌ និងបរិយាប័ន្ន។
លោកជំទាវបានលើកឡើងថា ការវិភាគយេនឌ័រ គឺជាផ្នែកមួយសំខាន់ក្នុងការបង្កើនគុណភាពនៃជីវិតនិងការអភិវឌ្ឍន៍សង្គមទាំងមូល និងត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើន ដូចជា ការអប់រំ សុខាភិបាល ធនធានមនុស្ស និងសង្គម។ល។ យេនឌ័រក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមធម៌ និងធ្វើឱ្យប្រសើរឡើងនូវសមភាពសម្រាប់ស្រ្តី និងបុរស និងគ្រប់ក្រុមទាំងអស់ក្នុងការទទួលបានឱកាស សិទ្ធិ និងផលប្រយោជន៍សង្គមផ្សេងទៀតប្រកបដោយយុត្តិធម៌។
លោកជំទាវ ក៏បានបន្ថែមផងដែរថា ការស្វែងយល់អំពីវិសមភាព និងភាពខុសគ្នាដែលកើតមានរវាងបុរស និងស្រ្តី ក៏ដូចនិងក្រុមងាយរងគ្រោះផ្សេងៗ មានសារៈសំខាន់ណាស់ក្នុងដំណើរការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន្នសង្គម ជាមួយគ្នានោះ ការវិភាគយេនឌ័រ ជាវិធីស្វងយល់ពីដំណោះស្រាយ សម្រាប់ការពង្រឹង និងបង្កើនការចូលរួម ព្រមទាំងកាត់បន្ថយហានិភ័យផ្សេងៗ ដើម្បីការអភិវឌ្ឍសង្គមដ៏រឹងមាំ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ដែលមានតុល្យភាពយេនឌ័រ ហើយការរួមបញ្ចូលការវិភាគយេនឌ័រទៅក្នុងការរួមចំណែករបស់ជាតិ (Nationally Determined Contributions – NDCs គឺចាំបាច់សម្រាប់ការបង្កើតគោលនយោបាយអាកាសធាតុប្រកប ដោយសមធម៌ ដោយក្នុងនោះអាចដោះស្រាយតម្រូវការផ្សេងៗរបស់យុវជនបានកាន់តែប្រសើរឡើងដែល នាំឱ្យមានសកម្មភាពអាកាសធាតុកាន់តែមានប្រសិទ្ធភាព និងយុត្តិធម៌ ៕