នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តម ស៊ុ ធី អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ និងក្រុមការងារ ជួបប្រជុំជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម ផល្លា អនុប្រធាន ECOSOCC ដើម្បីពិនិត្យ និងពិភាក្សាលើសំណើគម្រោងស្តីពី«ការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប» នៅអគ្គារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំពីសាវតារនៃការរៀបចំឯកសារទស្សនៈទាននេះ និងបញ្ជាក់ពីគោលបំណងសំខាន់ៗ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យស្ថានភាពបំពុលទឹកនៅតាមដងបឹងទន្លេសាប ដែលជួយដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍនដោយចីរភាព និងសម្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវះចម្រុះ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ក៏បានបញ្ជាក់ថា ឯកសារទស្សនៈទាននាពេលនេះ ជាការរៀបចំដំណាក់កាលដំបូងដើម្បីទាញយកជំនួយ និងការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង និងមូលនិធិនៃកិច្ចបាត់បង់និងខូចខាត ដែលក្រសួងបរិស្ថានជាស្ថាប័នជាតិទទួលបន្ទុក(NDA) ដែលអាចទាញយកថវិកាពីមូលនិធិទាំងនោះ ដើម្បីឈានទៅរៀបចំគម្រោងពេញលេញ និងការសិក្សាឱ្យស៊ីជម្រៅ (Feasibility Study)។
ក្រុមការងារ ECOSOCC បានឯកភាព និងគាំទ្រទាំងស្រុងលើឯកសារទស្សនៈទានស្តីពីការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប នេះ ព្រមទាំងនឹងរៀបចំរបាយការណ៍លម្អិតជូនឯកឧត្តមឧបនាយកដ្ឋមន្ត្រីប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ ក្រុមការងារ ECOSOCC ក៏បានស្នើឱ្យក្រសួងបរិស្ថាន ពិនិត្យនិងបន្ថែមនូវទិន្នន័យដែលនៅខ្វះចន្លោះ ព្រមទាំងការបកប្រែឱ្យសមស្របនឹងពាក្យបច្ចេកទេស ដើម្បីឱ្យឯកសារទស្សនៈទាននេះមានគុណភាព និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ៕