KH EMPIRE

ក្រសួងបរិស្ថាន និងតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ផ្តោតសំខាន់លើកិច្ចអប់រំផ្សព្វផ្សាយការពារបរិស្ថាន និងជំរុញឱ្យប្រជាសហគមន៍ទទួលបានផលចំណូល

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣៖  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោក Sardar Umar Alam តំណាង អង្គការ UNESCO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។ លោកបានអបអរសាទរ ជាមួយប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។

លោក Sardar Umar Alam បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងបរិស្ថាន និងអង្គការ UNESCO ក្នុងការពង្រឹងការអភិរក្សជីវមណ្ឌលបឹងទន្លេសាប នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន និងការអប់រំផ្សព្វផ្សាយបរិស្ថាន។ ជាមួយគ្នានេះ អង្គការ UNESCO ក៏មានគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ពីមូលនិធិប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCF) លើការគ្រប់គ្រងទឹក ជាមួយក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានសំដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជាពិសេស ក្រសួងបរិស្ថាន ជាមួយអង្គការ UNESCO លើការអប់រំផ្សព្វផ្សាយកិច្ចការពារបរិស្ថាន ជាពិសេសការអនុវត្តសកម្មភាពអភិរក្សជីវមណ្ឌលបឹងទន្លេសាប និងការប្រែប្រួលអាកាសធាតុ។  ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានកិច្ចសហការបន្ថែមទៀតជាមួយអង្គការ UNESCO លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌនៅកម្ពុជា  ការរៀបចំបច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ និងការអភិរក្សជីវៈចម្រុះ រៀបចំដាំស្តារព្រៃលិចទឹកឡើងវិញ និងរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រលើការអនុវត្តគំនិតផ្តួចផ្តើមថ្មីជាមួយអង្គការ UNESCO រួមមានការលើកកំពស់ជីវភាពប្រជាសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ការចិញ្ចឹម និងការអភិរក្សឃ្មុំព្រៃ ប្រកបដោយចីរភាព និងគម្រោងទឹកក្រោមដីឆ្លងដែន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។   ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្រ្តអាទិភាព របស់ក្រសួងបរិស្ថាន ដែលបាននឹងកំពុងអនុវត្តរួមមានការគ្រប់គ្រងសំណល់តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការអភិវឌ្ឍសហគមន៍តំបន់ការពារ តាមរយៈ ទេសចរធម្មជាតិ ផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្ត ការលើកកំពស់ជីវភាពសហគមន៍ សហគមន៍ទេសចរអព្យាក្រឹតការបូន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

Exit mobile version