KH EMPIRE

ឯកឧត្តម ប៉ាក សុខារ៉ាវុត ជួបប្រជុំជាមួយក្រុមការងារ UNESCAP និង UNEP

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ និងសហការី បានជួបប្រជុំជាមួយក្រុមការងារ UNESCAP និង UNEP ដែលដឹកនាំដោយលោកស្រី Kimberly ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងស្តីពីយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មនៅកម្ពុជា និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខារ៉ាវុត បានថ្លែងអំណរគុណចំពោះការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការ UNESCAP និង UNEP និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់គម្រោងនាពេលកន្លងមក ដែលរួមមាន ផែនការសកម្មភាពប្រព័ន្ធត្រជាក់ជាតិកម្ពុជា (NCAP) ឯកសារសង្ខេបស្តីពីយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មនៅកម្ពុជា (The Compendium of PCS in Cambodia) របាយការណ៍វិភាគបច្ចេកទេសសំណង់នៅកម្ពុជា (Typology Technical Analysis Report) ការលើកកម្ពស់ចំណេះដឹងអំពីតួនាទីនៃប្រព័ន្ធត្រជាក់អកម្មប្រកបដោយចីរភាព និងការបញ្ជ្រាបយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មទៅក្នុងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ២០២៤-២០៣៣ ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានពិនិត្យ និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់គម្រោងឆ្នាំ ២០២៥ ដើម្បីធ្វើយ៉ាងណាបន្តជំរុញការអនុវត្តសកម្មភាពប្រព័ន្ធត្រជាក់អកម្មឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ការបញ្ចេញកាបូនតិច និងប្រែក្លាយជាសង្គមកម្ពុជាឱ្យមានភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងលើកកម្ពស់ចំណេះដឹងអំពីតួនាទីនៃប្រព័ន្ធត្រជាក់អកម្មប្រកបដោយចីរភាពទៅគ្រប់វិស័យពាក់ព័ន្ធ។

ជាការឆ្លើយតប លោកស្រី Kimberly និងរៀបចំផែនការសកម្មភាពលម្អិតសម្រាប់គម្រោងឆ្នាំ២០២៥ តាមអនុសាសន៍របស់ឯកឧត្តម ដែលរួមបញ្ជូលទាំងការបញ្ជ្រាបយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មទៅក្នុង NDC 3.0 និងគោលការណ៍ណែនាំរបស់ EIA ក្នុងវិស័យសំណង់អគារ និងការអភិវឌ្ឍទីក្រុង និងការរៀបចំសិក្ខាសាលាថ្នាក់តំបន់ជាដើម ៕

Exit mobile version