KH EMPIRE

ក្រសួងបរិស្ថាន និងសាធារណៈរដ្ឋបារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះមុខតំណែងថ្មីរបស់ឯកឧត្តម ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅនឹងសកលទាំងអស់គ្នា។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ជាជំហ៊ានៗបន្តទៀត។

ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះ រួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០ម៉ឺននាក់ ផងដែរ។  ឯកឧត្តមបានបន្តទៀថា ការអប់រំ និងលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយមានគោលបំណងដាក់បញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព និក្លាយទៅជាទម្លាប់ល្អនៅក្នុងសង្គមផងដែរ។ ចំណែកអាទិភាពទី២ គឺការបង្កើតធុងសំរាមអេកូបេតុង សម្រាប់ការប្រើប្រាស់បានយូរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីផែនការរបស់ លោកប្រធានាធិបតី Macron ដើម្បីធ្វើសន្និសីទនៅទីក្រុង Nice ក្នុងឆ្នាំ ២០២៥ ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត “ស្ថានទូតគ្មានដបប្លាស្ទិក” ។ បន្ទាប់មកទៀត ឯកឧត្តម ក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹងគម្រោងរបស់បារាំង ដើម្បីសាងសង់រោងចក្រកែច្នៃឡើង វិញនៅរាជធានីភ្នំពេញផងដែរ។  ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកជម្រើស ថង់ប្លាស្ទីក ដែលមានមូលដ្ឋានលើដំឡូងមី សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវបានលើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។

ជាមួយគ្នានេះ លោកស្រី Boucher នាយិកា ទីភ្នាកងារអភិវឌ្ឍន៍បារាំង AFD ក៏បានចែករំលែកគម្រោងដែលកំពុងដំណើរការនៅកម្ពុជា ហើយក្នុងកិច្ចសហប្រតិបត្តិការបន្ត នឹងជំរុញឱ្យសម្រេចបានទៅតាមផែនការយុទ្ធរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ពិសេព្រៃ ដោយមានការគាំទ្រជាហិរញ្ញប្បទានពី AFD ។

កិច្ចប្រជុំបានបញ្ចប់ដោយមានការឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ។

Exit mobile version