KH EMPIRE

កម្មវិធីផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងសំណល់អាហារ និងសំណល់ប្លាស្ទិកពាក់ព័ន្ធនឹងអាហារសម្រាប់យុវជន នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងសំណល់អាហារ និងសំណល់ប្លាស្ទិកពាក់ព័ន្ធនឹងអាហារសម្រាប់យុវជន នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមប្រធានបទ”ថ្ងៃនេះ “ខ្ញុំមិនប្រើប្លាស្ទិកទេ” និង “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដោយមានការសម្របសម្រួល និងរៀបចំដោយមន្រ្តីនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រដឹកនាំដោយលោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង និងមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ពីលោកអភិបាលរង ឌី សុខខែម នៃគណៈអភិបាលខ័ណ្ឌមានជ័យ និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ យុវជនសង្កាត់ទាំង ៧ នៃខណ្ឌមានជ័យ និងយុវជនពីយុវជនខណ្ឌមានជ័យ សរុបចំនួន ៤២រូប។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ក- លើកកម្ពស់ការយល់ដឹងរបស់យុវជនពីផលប៉ះពាល់នៃសំណល់អាហារលើបរិស្ថាននិងសង្គម និងសារៈសំខាន់នៃការកាត់បន្ថយសំណល់អាហារ ខ-សិក្សាអំពីឥរិយាបថរបស់យុវជនពាក់ព័ន្ធនឹងសំណល់អាហារនិងសំណល់ប្លាស្ទិក និងការចូលរួមចំណែករបស់យុវជនក្នុងការគ្រប់គ្រងសំណល់ទាំងនេះ និង គ-កំណត់ពីកត្តាដែលជំរុញឱ្យយុវជនចាប់អារម្មណ៍ឈប់ ឬនៅបន្តប្រើប្លាស្ទិកជាពិសេសថង់ប្លាស្ទិក និងរកដំណោះស្រាយ។

ជាកិច្ចចាប់ផ្ដើម លោក ឌី សុខខែម អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ក្នុងមតិស្វាមគន៍ ថា៖ ១- ថ្ងៃនេះជាថ្ងៃល្អ ដែលមន្ត្រីជំនាញពីក្រសួងបរិស្ថាន បានមកចែករំលែក និងផ្សព្វផ្សាយពីការគ្រប់គ្រងសំណល់អាហារ និងសំណល់ប្លាស្ទិកអាហារដល់យុវជន ២- លើកទឹកចិត្តឱ្យយុវជនខណ្ឌ សង្កាត់ទាំង៧ និងមន្ត្រីពីមន្ទីរបរិស្ថានរាជធានី ដែលបានចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ សូមយកចិត្តទុកដាក់រៀនសូត្រ ក៏ដូចជាចែករំលែកបទពិសោធន៍ និង ៣- ហើយស្នើសុំឱ្យយកអ្វីដែលទទួលបាននាថ្ងៃនេះ យកទៅអនុវត្តតាមខណ្ឌ សង្កាត់របស់ខ្លួន សម្រាប់ធ្វើឱ្យបរិស្ថានល្អ និងស្អាត។

ក្នុងនេះដែរក្នុងឱកាសថ្លែងមតិបើកកម្មវិធី លោក តាំង ម៉េងអៀង ប្រធានានាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃ អ.គ.យ. បានលើកឡើងថា៖ ១- សំណល់រឹង ឬសំរាមនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចោទដល់សុខភាព សាធារណៈ បរិស្ថាន និងសេដ្ឋកិច្ច ២- បើការគ្រប់គ្រងសំណល់អាហារមិនបានល្អ វាអាចបង្កើតឱ្យមានឥទ្ធិពលធំធេងក្នុងការបង្កឱ្យមានកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាសដែលជាកត្តាបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យភពផែនដីកើនឡើងកម្តៅជាលំដាប់ ៣- សំណល់រឹង ឬសំរាមជាច្រើនប្រភេទត្រូវបានដាក់លាយឡំគ្នា និងដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាមដោយមិនបានញែកឱ្យបានត្រឹមត្រូវជាមុនឡើយ ជាពិសេសសំណល់អាហារនិងសំណល់ប្លាស្ទិក ដោយសារមិនបានយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ពីផលប៉ះពាល់អវិជ្ជមានរបស់វា ៣- យុវជនមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការកាត់បន្ថយ និងទទួលខុសត្រូវលើសំណល់របស់ខ្លួនទាំងសំណល់អាហារ សំណល់បា្លស្ទិកដែលបានបញ្ចេញ។ ដូចច្នេះការយល់ដឹងរបស់យុវជនពាក់ព័ន្ធនឹងសំណល់អាហារ សំណល់បា្លស្ទិកមានសារៈសំខាន់ ដើម្បីឱ្យយុវជនចូលរួមដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងសំណល់អាហារឱ្យបានត្រឹមត្រូវ និងបន្តផ្សព្វផ្សាយដល់គ្រួសារ និងសហគមន៍របស់យើង និង ៤- លើកករណីសិក្សានៅសាធារណរដ្ឋកូរ៉េ ពីការគ្រប់គ្រងទីលានចាក់សំរាម ដោយប្រែទីលានចាក់សំរាមទីឧទ្យានជាតិ កន្លែងកំសាន្ដ (ទីលានវ៉ៃកូនគោល, បាញ់ព្រួយ….ជាដើម)។

ជាលទ្ធផល៖ ក- លោក ណុប សុខៃ អនុប្រធាននាយកដ្ឋាន បានធ្វើបទបង្ហាញ ស្តីពីទិដ្ឋភាពទូទៅនៃសំណល់អាហារ និងមូលហេតុ នៃការសិក្សាពីការគ្រប់គ្រងសំណល់អាហាររបស់យុវជន និងការកាត់សំណល់អាហារ និងផលប្រយោជន៍សំណល់អាហារសម្រាប់បរិស្ថាន សង្គម និងសុខភាព ដែលក្នុងនេះ លោកស្រី សឿង លីលី បានធ្វើបទបង្ហាញខ្លីៗងាយយល់សម្រាប់អ្នកចូលរួមលើ ការញែកសំណល់ ដែលផ្តោតសំខាន់លើសំណល់អាហារ និងសំណល់ប្លាស្ទិក ដោយលើកឡើងពីការយកសំណល់អាហារងាយងាយសម្រាប់ជាជីកំប៉ុស្ដ៍ ខ- អ្នកចូលរួមការបានលេងល្បែងកំសាន្តដើម្បីជាការចងចាំនូវសារគំនិតទាក់ទងនឹងសំណល់អាហារ និង គ- អ្នកចូលរួមបានប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់អាហារដោយផ្អែកលើ មូលេហេតុតនៃសំណល់អាហារក្នុងសហគមន៍ ការទុកដាក់សំណល់អាហារនៅផ្ទះនិងកន្លែងធ្វើការ បញ្ហាបរិស្ថានទាក់ទងនឹងសំណល់អាហារ ការអនុវត្តជាក់ស្ដែង ការអនុវត្តការងាររបស់ខណ្ឌ សង្កាត់សម្រាប់កាត់បន្ថយ និងមតិយោបល់ សំណូមពរតាមរយការធ្វើបទបង្ហាញ។

ក្នុងបទបង្ហាញដែលជាលទ្ធផលនៃការពិភាក្សាឆ្លើយសំនួរពិភាក្សា អ្នកចូលរួមបានយ ១-យល់ថាការបង្កើតសំណល់អាហារកើតចេញពីទិញលើសតម្រូវការ អាហារខូចគុណភាព ២-ឧបសគ្គកង្វះការប្រមូលសំរាមរបស់ក្រុមហ៊ុនដឹកសំរាម និងការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ៣-បញ្ហាកើតឡើងពីបញ្ហានេះមានដូចជាការខូចសោភ័ណ្ឌភាពបរិស្ថាន ក្លិនមិនល្អ និងការប៉ះពាល់ដល់ដី និងទឹក ៤-គាត់ក៏យល់ឃើញថាខណ្ឌសង្កាត់គួរចុះផ្សព្វផ្សាយពីការទុកដាក់អាហារឪ្យបានត្រឹមត្រូវ ការទុកដាក់សំរាម កំណត់បរិមាណអាហារ និងសន្សំសំចៃចំណីអាហារ ៥-លើសពីនេះអ្នកចូលរួមនៅគិតថាការចូលរួមរបស់សង្កាត់នៅមានកម្រិត និងមានប្រសិទ្ធភាបចំពោះការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហានេះ និងវិធីកាត់បន្ថយ និងចុងក្រោយ ៦-អ្នកចូលរួមស្នើឪ្យមន្ទីរបរិស្ថាន ក្រសួងបរិស្ថាននិងអ្នកជាប់ព័ន្ធដទៃទៀតបង្កើនការផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់ឪ្យទូលំទូលាយជាងនេះ តាមប្រព័ន្ធសង្គម និងស្នើឲ្យក្រុមហ៊ុនប្រមូលសំរាមមកយកឲ្យទៀងទាត់ ៕

Exit mobile version