នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ មន្ទីរបរិស្ថានចំនួន២៣ (មានប្រធានមន្ទីរ៤រូបចូលរួមផ្ទាល់ គឺព្រៃវែង-ត្បូងឃ្មុំ-កំពត-រតនគិរី) និងអ្នកពាក់ព័ន្ធប្រមាណ ៨៥ រូបមកពីស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន យុវជន សហគមន៍មូលដ្ឋាន ដោយដាក់ការកំណត់ចំណុចដៅ និងសូចនាករជីវៈចម្រុះរបស់កម្ពុជា ផ្អែកលើក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។
គោលបំណងនៃសិក្ខាសាលារៀបចំឡើងដើម្បីបង្ហាញអំពីសមិទ្ធផលគម្រោងដែលបានអនុវត្តកន្លងមក និងប្រព្រឹត្តទៅចំនួន៤វគ្គ ដោយមានបទបង្ហាញសរុបចំនួន១១។ ជាមួយគ្នានេះអង្គសិក្ខាសាលាក៏មានការពិគ្រោះយោបល់ ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើការកំណត់ចំណុចដៅ និងសូចនាករជីវៈចម្រុះរបស់កម្ពុជាដោយបន្ស៊ីគ្នាទៅនឹងក្របខ័ណ្ឌការងារជីវៈចម្រុះសកលផងដែរ។ ដោយសិក្ខាសាលានេះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួល ដូចនេះលទ្ធផលនៃអង្គសិក្ខាសាលាត្រូវបានបូកសរុបទៅតាមការប្រព្រឹត្តទៅនៃរបៀបវារៈ និងថ្លែងសុន្ទរកថាបិទបញ្ចប់ដោយ ឯកឧត្តម ម៉េង មុនីរក្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ៕