KH EMPIRE

វេទិកា ស្តីពីកសិកម្មវៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅតំបន់ទន្លេសាប និងមេគង្គកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងវេទិកា ស្តីពីកសិកម្មវៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅតំបន់ទន្លេសាប និងមេគង្គកម្ពុជា នៅសាលប្រជុំអំហ្វីធំ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីនេះឡើងដោយ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) និង សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ដោយមានការចូលរួមពី តំណាងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) មន្រ្តីជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកបណ្តាញអង្គការNGOs និងសមាជិកបណ្តាញប្រជានេសាទ ដែលគាំទ្រថវិកាពីអង្គការអ៊ុកស្វាម (Oxfam) និងអ្នកចូលរួមសរុប ៧០នាក់។

វេទិកានេះគោលបំណងដើម្បី ១)បង្ហាញពិភាក្សាពីស្ថានភាពនិងគោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានជលផល និងកសិកម្មវៃឆ្លាត-ភាពធន់ខាងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ២) ពិភាក្សាពីការអនុវត្តសកម្មភាព/បទពិសោធន៍ផ្ទាល់នៃកសិកម្មវៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុ(ដាំដំណាំ ចិញ្ចឹមត្រី អភិរក្សត្រីមេពូជ និងអេកូទេសចរណ៍) និង៣) ផ្តល់ធាតុចូល និង យន្តការដោះស្រាយភាពប្រឈមនៃកសិកម្មវៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក ហេង ចាន់ធឿន បានលើកឡើងអំពីយុទ្ធសាស្ត្រចក្រាសវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ គឹផ្តោតលើភាពស្អាត ភាពបៃតង និង ចីរភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធសាស្ត្រស្នូលផ្តោតលើមុំ ៣មានជាអាទិ៍ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំង៣នេះជាកម្លាំងចលករ រុញយុទ្ធសាស្ត្របី៖ទី១«ភាពស្អាត» ទី២ «ភាពបៃតង»និងទី៣«ចីរភាព»។ យុទ្ធសាស្ត្រទី២ «ភាពបៃតង»គឺផ្តោតលើមុំការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិនិងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននិងយុទ្ធសាស្ត្រទី៣ «ចីរភាព» ផ្តោតលើមុំការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល និងផ្តល់ឱកាសឲ្យសហគមន៍របស់យើងមានជីវភាពរស់នៅកាន់តែប្រសើជាងមុន។

ជាងនេះទៀតក្រសួងបរិស្ថានបានរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤ ដល់ ២០៣៣ នឹងផ្តល់ឱកាសទទួលបានធនធានបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍។

ជារួម វេទិកានេះមានសារៈសំខាន់ ផ្តល់ឱកាសសម្រាប់អ្នកពាក់ព័ន្ធក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមរកដំណោះស្រាយ កាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ទន្លេសាបនិងមេគង្គ ៕

Exit mobile version