នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ដែលកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ស៊ុ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក អ៊ូ ច័ន្ទធារិទ្ធ ប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងសហការី លោក ដែក វិមានភក្តី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ និងលោក ម៉ិល សុភា ប្រធានការិយាល័យនៃនាយកដ្ឋានសេដ្ឋកិច្ចបៃតង សរុបចំនួន១១រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១-ប្រមូលធាតុចូលលើសេចក្តីព្រាងតារាងម៉ាទ្រីកស្តីពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ២- ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រុមការងារ។
លទ្ធផលនៃកិច្ចប្រជុំនេះសំខាន់ៗរួមមានដូចខាងក្រោម៖
១- លោក អ៊ូ ច័ន្ទធារិទ្ធ ប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរាយការណ៍ពីវឌ្ឍនភាពការងារក្រោយពីកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិកន្លងមកដែលដឹកនាំដោយឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ។
២- ឯកឧត្ដម ភាវ សុវុទ្ធី បានគូសបញ្ជាក់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពកន្លងមក ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធបន្ថែមឱ្យទូលំទូលាយ។
៣- អង្គប្រជុំក៏បានសំណូមពរឱ្យលេខាធិការដ្ឋានស្នើសុំមតិយោបល់លើតារាងម៉ាទ្រីកពីស្ថាប័នសំខាន់ៗបន្ថែមទៀតដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ល។
៤- ទទួលបាននូវធាតុចូល ព័ត៌មានសំខាន់ៗ ស្តីពីតម្រូវការ សំណូមពរ និងការណែនាំបន្ថែមលើតារាងម៉ាទ្រីក ហើយក្រុមការងារលេខាធិការដ្ឋាននឹងរៀបចំដាក់ចូលក្នុងក្រុមតេឡេក្រាមស្នើសុំការពិនិត្យ និងមតិបន្ថែមពីសមាជិកក្រុមការងារថ្នាក់ជាតិ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនៅដើមឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអង្គប្រជុំបានស្នើជំរុញការកៀរគរការគាំទ្រពីដៃគូនានា ពង្រឹងការផ្សព្វផ្សាយតាមរយៈវេទិការនានា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តដូចជាភាគីចិននិងរុស្ស៊ី និងបន្តអភិវឌ្ឍធនធានមនុស្សលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះសមាជិកចូលរួមទាំងអស់ ដែលបានផ្តល់នូវមតិយោបល់គន្លឹៈ សម្រាប់ជាទិសដៅក្នុងការអនុវត្តសកម្មភាពបន្ត និងបានណែនាំឱ្យលេខាធិការដ្ឋានស្នើទៅក្រសួង/ស្ថាប័ន ក្នុងការពិចារណារៀបចំផែនការសកម្មភាពជាក់លាក់ដើម្បីបញ្ជ្រាបការងារនេះទៅក្នុងផែនការការងារតាមក្រសួង ស្ថាប័នរៀងៗខ្លួន ៕