ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្មទិញលក់ជ័របង្កក របស់ម្ចាស់ឈ្មោះ វី សុថាវរិទ្ធ ដែលបានបង្កឱ្យមានទឹកស្អុយដក់នៅក្បែរផ្លូវជាតិ៧៨ និងក្លិនស្អុយចេញពីទីតាំងអាជីវកម្មខាងលើ ដែលស្ថិតនៅភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។
លោក ព្រីន សំបូរ អនុប្រធានមន្ទីរ និងសហការី បានសហការជាមួយរដ្ឋបាលឃុំឯកភាព ប៉ុស្តិ៍រដ្ឋបាលឃុំ ចុះពិនិត្យទីតាំងអាជីវកម្ម ផ្ទាល់ មានអ្នកចូលរួមសរុបចំនួន ០៩នាក់។ លទ្ធផល៖ ក្រុមការងារបានចុះពិនិត្យឃើញថាទីតាំងអាជីវកម្មខាងលើពិតជាបានបង្ហូរទឹកស្អុយដក់ជាប់នៅក្បែរផ្លូវជាតិលេខ៧៨ និងបង្កក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅជិតខាងព្រមទាំងអ្នកធ្វើដំណើរផងដែរ។ ក្នុងនោះក្រុមការងារបានធ្វើការណែនាំ និងតម្រូវឲ្យម្ចាស់អាជីវកម្មអនុវត្តដូចខាងក្រោម÷
ក-ត្រូវរៀបចំជីករណ្ដៅស្តុកសំណល់រាវ ទំហំ ៧x៧ម៉ែត្រ និងជម្រៅ ៨ម៉ែត្រឱ្យធំទូលាយ និងរៀបឥដ្ឋក្រវ៉ាត់ជុំវិញ ដោយមានដាក់ថ្ម ធ្យូង ខ្សាច់នៅបាតរណ្ដៅផងដែរ។
ខ-ត្រូវស្រោចជី EM ជាប្រចាំរៀងរាល់ថ្ងៃ។
គ-ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹកសងខាងនិងមុខទីតាំងជីវកម្ម។
ឃ-រៀបចំចាក់ដីលុបកន្លែងទីតាំងទឹកដក់ក្បែរផ្លូវជាតិ៧៨
ង-រៀបចំដាំដើមឈើជុំវិញរណ្ដៅស្តុកសំណល់រាវ
ច-រៀបចំចាក់សាបត្រង់កន្លែងដែលរថយន្តធំចូលសាងជ័រ ដើម្បីឲ្យទឹកហូរចូលប្រព័ន្ធលូ។ ជាការឆ្លើយតប ម្ចាស់អាជីវកម្មបានឯកភាពយល់ព្រមធ្វើតាមការណែនាំរបស់ក្រុមការងារ និងជំនាញ ដោយគាត់បានស្នើសុំរៀបចំចាក់ដីលុបកន្លែងទឹកដកមុន ចំណែកឯការរៀបចំរណ្ដៅស្តុកសំណល់រាវ និងប្រព័ន្ធលូ ស្នើសុំអនុវត្តនៅដើមខែកុម្ភៈរហូតដល់ចុងខែមីនា(រយៈពេលពីរខែ) ។
បន្ថែមពីនោះទៀតលោកអនុប្រធានមន្ទីរបានជំរុញដល់រដ្ឋបាលឃុំឱ្យជួយណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មសាងសង់ផ្ទះត្រចៀកកាំ មិនត្រូវសាងសង់នៅក្បែរទីប្រជុំជនឡើយ ជៀសវាងបង្ករផលប៉ះពាល់ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងអាជីវកម្ម ៕