KH EMPIRE

ក្រសួងបរិស្ថាន និងកម្មករ កម្មការនី ជាង ២០០០នាក់ ប្តេជ្ញាកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក នៅតាមរោងចក្រ

បន្ទាប់ពីដាក់ចេញនៅយុទ្ធនាការ ២២កញ្ញា « យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមរោងចក្រ » រោងចក្រចំនួន ៤ ចេញមុខមកប្រកាស និងប្តេជ្ញាចិត្តចូលរួមក្នុង យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក  «ថ្ងៃនេះ ខ្ញុំមិនប្រើ​ថង់ប្លាស្ទិកទេ» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

រោងចក្រទាំង ៤ ដែលបានប្តេជ្ញា ឈប់ប្រើថង់ប្លាស្ទិកនោះ រួមមាន ១. រោងចក្រកាត់ដេរ ម៉េងតុង ហ្គាមេន មេនូហ្វេកធឺរីង អិលធីឌី មានអ្នកចូលរួម ៧០០ នាក់។ ២. រោងចក្រកាត់ដេរ ម៉េងយី ហ្គាមេន មេនូហ្វេកធឺរីង ឯ.ក មានអ្នកចូលរួម ១២០០ នាក់។   ៣. រោងចក្របោកគក់ ម៉េងយ៉ាន ហ្គាមេន មេនូហ្វេកធឺរីង & វេត ប្រូសេសស៊ីង អិលធីឌី មានអ្នកចូលរួម ២៥០ នាក់ (រោងចក្រទាំង ៣ស្ថិតនៅក្នុងតំពន់តែ ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល)។ និងទី ៤. រោងចក្រកាត់ដេរ មីនម៉ាក (ខេមបូឌា) ខូ អិលធីឌី មានអ្នកចូលរួម ២៦២ នាក់ មានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សាទរយ៉ាងខ្លាំង ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំពីសំណាក់កម្មករ កម្មការនី ដែលបម្រើការងារក្នុងរោងចក្រទាំងបួនខាងលើ ហើយឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យរោងចក្រដទៃទៀតចូលរួមក្នុងយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាតកម្ពុជា។ គួរជម្រានជូនថា គិតមកត្រឹមថ្ងៃទី២៣នេះ កម្មករ កម្មការនី និងបុគ្គលិករោងចក្រសរុបចំនួន ២៤១២​នាក់ហើយ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយថង់ប្ទាស្ទិក ៕

Exit mobile version