KH EMPIRE

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើផែនការគ្រប់គ្រងរយៈពេល០៥ឆ្នាំ របស់សហគមន៍តំបន់ការពារធម្មជាតិអូរទុង និងសហគមន៍តំបន់ការពារធម្មជាតិមណ្ឌលយ៉ន ឧទ្យានជាតិវីរជ័យ

ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ លោក ព្រីន សំបូរ អនុប្រធានមន្ទីរ បានដឹកនាំប្រជុំពិនិត្យ និងផ្តល់យោបល់ លើផែនការគ្រប់គ្រងរយៈពេល០៥ឆ្នាំ (២០២៥-២០២៩) របស់សហគមន៍តំបន់ការពារធម្មជាតិអូរទុង និងសហគមន៍តំបន់ការពារធម្មជាតិមណ្ឌលយ៉ន ឧទ្យានជាតិវីរជ័យ ដែលមានអ្នកចូលរួមសរុប ០៤នាក់ ស្រី ០១នាក់។ លទ្ធផល៖ ក្រុមការងារបានពិនិត្យស្នើសុំឱ្យមានការកែសម្រួលចំនួន០២ចំណុចដូចខាងក្រោម៖

ក-គោលការណ៍ប្រើប្រាស់ធនធានធម្មជាតិ រួមមាន:
-កែសម្រួលចំណុចការដកហូតឈើសាងសង់លំនៅដ្ឋាន ពីចំនួន០២ខ្នង ក្នុង០១ភូមិ ក្នុងមួយឆ្នាំ មកត្រឹមចំនួន ០២ខ្នង ក្នុង០៤ភូមិ ក្នុងមួយឆ្នាំវិញ ។
-ត្រូវកំណត់ចំនួនកូនឈើមូលឱ្យបានច្បាស់លាស់ សម្រាប់ឈើធ្វើជង្រុកស្រូវ ជៀសវាងការដកហូតក្នុងបរិមាណខ្ពស់
-ត្រូវកំណត់ចំនួនគ្រួសារដែលស្នើសុំប្រើប្រាស់កូនឈើធ្វើរបង ឱ្យបានច្បាស់ក្នុងមួយឆ្នាំ

ខ-គោលការណ៍បែងចែកថវិកា (កំណត់ប្រភពថវិកាដែលសហគមន៍ទទួលបាន និងកំណត់រយៈពេលឲ្យ បានច្បាស់ពីបែងចែកថវិកា បែងចែកជាខែ ត្រីមាស ឆមាស រឺឆ្នាំ និងផ្តល់ជាអនុសាសន៍ដល់គណៈកម្មការក្នុងបែង ចែកភាគរយនៃចំណូលរបស់សហគមន៍ ដើម្បីឱ្យស្របតាមគោលបំណង ផែនការសកម្មភាព និងសកម្មភាពជាអាទិភាព ដូចជាភាគរយនៃប្រាក់សន្សំអាចរក្សាត្រឹម១៥% ហើយបន្ថែមលើសកម្មភាពការពារអភិរក្សធនធានធម្មជាតិ ពី១០% ទៅ១៥%។

ក្រោយពីប្រជុំពិនិត្យរួចរាល់ លោកអនុប្រធានមន្ទីរ បានណែនាំឱ្យការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជួបពិភាក្សាជាមួយបុគ្គលិក អង្គការ FFI ដើម្បីកែសម្រួលឡើងវិញលើផែនការគ្រប់ គ្រង និងដាក់ផែនការចុះប្រជុំពិភាក្សា និងកំណត់នៅចំណុចដែលត្រូវកែសម្រួលជាមួយគណៈ កម្មការសហគមន៍ ៕

Exit mobile version